សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបលោកជំទាវប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា


ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា វេលាម៉ោង១៤:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវ និងគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ នឹងរួមចំណែកពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

លោកជំទាវ ង្វៀន ធីថាញ់ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នេះជាលើកទី១ហើយដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងនាមប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ ប្រភព៖ នាយកដ្ឋានព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង