ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាពបរិស្ថាន
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញឱ្យចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាពបរិស្ថានដល់ម្ចាស់ទីតាំងសេវាថែទាំឯកជនទូទាំងខេត្ត ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន ប៊ុន លាងលី ក្លូប៊ល ។
ក្នុងសិក្ខាសាលានេះប្រារព្វឡើងនៅថ្ងៃទី០៩ខែសីហា ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួមដែលជាតំណាង មកពីរដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរបរិស្ថាន មន្ទីរសុខាភិបាល ម្ចាស់ទីតាំងសេវាថែទាំឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធ សកម្មក្នុងការអនុវត្តការងារគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានជម្រាបជូនសិក្ខាកាមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងរយៈពេលជាងមួយអាណ្ណត្តិនេះ ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយសម្រចបានលទ្ធផលគួរជាទីមោទនៈ ពិសេសលើការងារកិច្ចគាំពារបរិស្ថាន ដែលត្រូវបានចាត់ទុកជាបញ្ហាអាទិភាព របស់រាជរដ្ឋាភិបាល និងបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងសូចនាករ និងគោលដៅនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា។
ក្នុងនោះ ក្រសួងបរិស្ថានបានដាក់ចេញនូវទិសដៅ និងវិធានការគ្រប់គ្រងសំរាម សំណល់រឹង តាមទីប្រជុំជននានា ដូចជា ៖
១). ប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋាបាលក្រុង ស្រុកទទួលខុសត្រូវ
២). បានផ្ដល់កញ្ចប់ថវិការសេវាអនាម័យបរិស្ថានប្រមាណ ២លានដុល្លារ ក្នុង១ឆ្នាំ ដល់ក្រុង២៧ ចាប់ពីឆ្នាំ២០១៥
៣). រៀបចំក្រុមការងារអន្តរក្រសួងសម្របសម្រួល ការផ្ទេរសេវាសំរាម និងគាំទ្រការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំ
៤). បណ្តុះបណ្តាល និងផ្តល់ប្រឹក្សាបច្ចេកទេសការងារ ផ្ដល់សម្ភារៈ និងមធ្យោបាយសម្រាប់គាំទ្រការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
ទន្ទឹមនោះ ក្រសួងក៏បានរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តពាក់ព័ន្ធ និង ផែនការយុទ្ធសាស្ត្ររយៈពេលវែង និងខ្លី សម្រាប់ប្រសិទ្ធភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនថ្នាក់ ក្រោមជាតិ។ល។ ដោយឡែក ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រចេញពីមូលដ្ឋានថែទាំសុខភាពវិញ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានខិតខំយកចិត្តទុក និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ កាត់បន្ថយការបំពុលបរិស្ថាន និងទប់ស្កាត់ផលប៉ះពាល់សំណល់វេជ្ជសាស្ត្រលើសុខភាពសាធារណៈ តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើន ការពង្រឹងការអនុវត្តច្បាប់ និងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំដល់សាធារណជន។ល។
ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រសួង បានជូនដំណឹង អនុញ្ញាតជាគោលការណ៍វិនិយោគលើការប្រមូល ដឹកជញ្ជូន និងធ្វើប្រព្រឹត្តកម្មសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក សំណល់ថ្មពិល សំណល់អាគុយ និងសំណល់វេជ្ជសាស្ត្ររបស់ក្រុមហ៊ុន ប៊ុន លាងលី ក្លូប៊ល ឯ.ក ចុះ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាពបរិស្ថាន។
ឯកឧត្តមសង្កត់ធ្ងន់ថា សំណល់វេជ្ជសាស្ត្រ ជាសំណល់ដែលត្រូវបានបង្កើតឡើងពីគ្រប់គ្រឹះស្ថានថែទាំសុខភាព ដូចជាក្នុងមូលដ្ឋាន ទីតាំងព្យាបាល និងកន្លែងថែទាំសុខភាព និងដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិតមនុស្ស សត្វ និងរុក្ខជាតិ តាមរយៈការបង្កការពុល ការចម្លងរោគ ការរាតត្បាតនៃជំងឺជាដើម ប្រសិនបើគ្មានការគ្រប់គ្រង និង ទុកដាក់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងដាច់ដោយឡែកពីសំណល់ធម្មតា។
យោងតាមការ សិក្សាកន្លងមក បានឱ្យដឹងថាការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមិនទាន់ល្អ ប្រសើរនៅឡើយ បើធៀបជាមួយនឹងស្តង់ដាររបស់អង្គការសុខភាពពិភពលោក។
ជាក់ស្តែង វិសាលភាពនៃការគ្រប់គ្រងសំណល់ប្រភេទនេះ បានអនុវត្តត្រឹមតែក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនខេត្ត ស្រុក មួយចំនួនតែប៉ុណ្ណោះ ដោយបានប្រើប្រាស់នូវប្រភេទឡដុតសំណល់ដែលមិនមានស្ដង់ដារទាំងកម្រិតកំដៅ និងប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ និងការសាយភាយសារធាតុគ្រោះថ្នាក់នានា។
ទន្ទឹមនឹងនេះ សំណល់វេជ្ជសាស្ត្រមួយចំនួនត្រូវបានប្រមូលដាក់លាយឡំជាមួយនឹងសំណល់លំនៅដ្ឋាន សំរាម និងសំណល់ទីប្រជុំជន ដែលបានបង្កនូវបញ្ហាប្រឈមជាច្រើនដល់សុខភាពសាធារណៈនិងបរិស្ថាន។
ឯកឧត្តម បានបន្ថែមថា ក្នុងអំឡុងពេលមួយទសវត្សចុងក្រោយនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល បានកើនឡើងគួរឱ្យគត់សម្គាល់ គិតត្រឹមឆ្នាំ២០១៨ មូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួនសរុប ១៤៥៧កន្លែង (មន្ទីរពេទ្យជាតិចំនួន ៩កន្លែង មន្ទីរពេទ្យខេត្តចំនួន ២៥កន្លែង មន្ទីរពេទ្យបង្អែកក្រុង ស្រុក ចំនួន ៨៩កន្លែង មណ្ឌលសុខភាពមានចំនួន ១២០៥កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ១២៩កន្លែង) ក្នុងនោះដែរ ចំនួនគ្រែសរុបមានចំនួន ១១៨៨៣គ្រែ ដោយនៅតាមបណ្តាខេត្ត និងរាជ ធានីមានចំនួន ៧៧១៦គ្រែ និងនៅមន្ទីរពេទ្យជាតិមានចំនួន ៤១៦៧គ្រែ។
ឯកឧត្តមក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ តំណាងមក ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរបរិស្ថាន មន្ទីរសុខាភិបាល ម្ចាស់ទីតាំងសេវាថែទាំឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធ និងតំណាងមកពីក្រុមហ៊ុន ប៊ុន លាងលី ក្លូប៊ល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការសហការរៀបចំកម្មវិធីសិក្ខាសាលានេះឡើង ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាពបរិស្ថាន នាព្រឹកនេះ៕ អរគុណសន្តិភាព