រំដួលបុប្ផា ជាតិនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១៤៩ ស្ដីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាដោយផ្ទាល់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ កំណត់យក សត្វ និងប្រភេទរុក្ខជាតិជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងនោះក្រៅពីអត្តសញ្ញាណរបស់ជាតិរួមមាន ភាសា សម្លៀកបំពាក់ ទង់ជាតិ ភ្លេងជាតិ ព្រះរាជសង្ហារ ព្រះរាជាណាចក្រកម្ពុជាក៏មានការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់ជានិមិត្តរូបផ្សេងទៀតផងដែរ ក្នុងនោះ«ផ្ការំដួល»ក៏ជារុក្ខជាតិមួយកំណត់ជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបជាច្រើនទៀត។ ផ្ការំដួលមានក្លិនក្រអូបប្រហើរជាយ៉ាងពិេសសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។


នាសម័យមហាអាណាចក្រខ្មែរ បុព្វបុរសខ្មែរលោកច្នៃក្បាច់លំអនៅតាមប្រាសាទបុរាណជាច្រើនមានចម្លាក់រូបផ្ការំដួលជាជួរៗ ដូចជានៅតាមសសរ និងតាមឃឿននៃប្រាសាទជាដើម។ មិនគ្រាន់តែដូច្នោះទេ លោកបានប្រើប្រាស់រំដួលទៅលើការតុបតែងកាយផ្សេងទៀតដែលយើងអាចសង្កេតបានឃើញច្បាស់នៅតាមរូបទេពអប្សរនៅតាមប្រាសាទអង្គវត្ត។


សក្ខីភាពយ៉ាងច្បាស់ខាងផ្នែកប្រវត្តិសាស្ត្រនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណនិងបច្ចុប្បន្នធ្វើឱ្យផ្ការំដួលក្លាយទៅជានិមិត្តរូបដ៏អស្ចារ្យក្លៀវក្លានឹងថ្លៃថ្នូរបំផុតនៃប្រជាជនកម្ពុជានឹងព្រះរាជាណាចក្រកម្ពុជាទាំងមូល៕ អត្តបទស្រាវជ្រាវ :យសោធរ រូបភាពដោយ :នាដការី ប្រសិទ្ធ វិច្ចិកា
រៀបរាងដោយ :គេហទំព័រ វប្បធម៌ខ្មែរ