ឯកឧត្ដម​ ហ៊ុន ម៉ានី មានប្រសាសន៍ថា “កុំខ្លាចភាពបរាជ័យ បើជាកូនកសិករម្នាក់អាចក្លាយជានាយករដ្ឋមន្រ្តី នោះប្អូនៗក៏អាចទទួលបានជោគជ័យ និងសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួនដែរ”


ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម​ ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចណ៍ឬហៅថាកម្មការទី៧នៃរដ្ឋសភាបានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តបន្ទាយមាន​ជ័យ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។

ពិធីនោះមានការអញ្ជើញចូលរួមពីអនុប្រធានសមាជិកគណកម្មការទី៧ ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាលខេត្ត ឯកឧត្ដម​ ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជន និងកីឡា និងសមាសភាពជាសមាជិកនៃអង្គពិធីខាងលើ ។

លោកបានលើកទឹកចិត្តដល់ប្អូនៗគរុសិស្សថា ៖ សូមប្អូនៗ កុំខ្លាចភាពបរាជ័យ ប្រសិនបើកូនកសិករម្នាក់អាចក្លាយជានាយករដ្ឋមន្រ្តី នោះប្អូនៗទាំងអស់គ្នាក៏អាចទទួលបានជោគជ័យ និងសម្រេចក្ដីស្រម៉ៃរបស់ខ្លួនបានដូចគ្នាដែរ”។

លោក ទេព ណាន នាយកសាលាគរុកោសល្យ និងវិក្រឹតការខេតហតបន្ទាយមានជ័យលើកឡើងពីប្រវត្តិ វឌ្ឍនភាព រចនាសម្ព័ន្ធ ការដឹកនាំអនុវត្តនិងការឧបត្ថម្ភ គាំទ្រដល់គ្រឹះស្ថានបណ្តុះបណ្តាលមធ្យមសិក្សាឯកទេសសាធារណ:(រដ្ឋ) មួយនេះដែលស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណឬទីរួមខេត្ត ដែលបច្ចុប្បន្នមានគណ:គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសរុប២៥នាក់/ស្រី១៤នាក់ គរុសិស្ស ៨៤នាក់/ស្រី ៦១នាក់ ក្នុងនោះនៅក្នុងខេត្តបន្ទាយមានជ័យ ៦៩នាក់/ស្រី ៥២នាក់និងមកពីខេត្តប៉ៃលិន ១៥នាក់/ស្រី ៩នាក់ ។

ចំពោះការបណ្តុះបណ្តាលពីឆ្នាំ១៩៨៩ កន្លងមកដល់បច្ចុប្បន្ន បានគរុសិស្សចំនួន ៣៩៨៧នាក់ ស្រី ២០១០នាក់ ក្នុងនោះមកពីខេត្តប៉ៃលិន ៥៥នាក់ ស្រី ៣៤នាក់ ។

លោកនាយកបន្តថា ៖ ក្នុងចំណោមគរុសិស្សបច្ចុប្បន្ន ពួកគេនិយមនិងស្ម័គ្រចិត្តទាំងអស់គ្នាចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាសមាជិកកយកផងទៀត ។

ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ គរុសិស្សទាំងអស់នឹងបានចូលក្រប​ខ័ណ្ឌរដ្ឋនៃក្រសួងអប់រំ យុវជននិងកីឡា ហើយក៏មានប៉ុស្តិ៍ត្រូវចុះធ្វើការតាមសាលារៀនរួចស្រេចផងដែរ។

ឯកឧត្ដម​ អភិបាលខេត្តបានថ្លែងអំណរគុណនិងប្តេជ្ញាបន្តអនុវត្តតាមវីរ:ភាពដ៏ថ្លៃថ្លា មគ្គទេសក៍ដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានរំដោះប្រទេសពីគ្រោះប្រល័យពូជសាសន៍ ការស្តារ អភិវឌ្ឍន៍ប្រទេសនិងថែរក្សាការពារសន្តិភាព កិត្យានុភាពជាតិនិងលើកម្ពស់ជីវភាពពលរដ្ឋ ។

ឯកឧត្ដម​ ហ៊ុន ម៉ានី ពិធីសំណេះសំណាលនេះ ក្នុងគោលបំណងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងក្នុងការចូលរួម គាំទ្រ ជាមួយកិច្ចការសង្គមរបស់គរុសិស្ស និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ ជាពិសេសការស្វែងយល់ និងរៀនសូត្របន្ថែមចំពោះបញ្ហា និងបទពិសោធនានាដែលលោកគ្រូ អ្នកគ្រូ ក៏ដូចជាប្អូនៗបានឆ្លងកាត់ដោយផ្ទាល់ក្នុងកាលៈទេសៈកូវីដ១៩ ។

លោកប្រធានគណៈកម្មការបានបន្ថែមទៀតថា ៖បើតាមខ្ញុំទទួលព័ត៌មានពីអាជ្ញាធរខេត្តបានឲ្យដឹងថា ថ្នាក់ដឹកនាំ កម្រិតអភិបាលក្រុងស្រុក៧រូបលើ៩រូប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យសុទ្ធសឹងតែកើតចេញពីគ្រូបង្រៀន។ ខ្ញុំជឿថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមក ប្អូនៗពិតជាអាចធ្វើបាន ហើយអាចសម្រេចក្តីស្រមៃ និងក្លាយជាបុគ្គលនាថ្ងៃអនាគតដែលខ្លួនប៉ងប្រាថ្នា។”

សូមជម្រាបថា ៖ក្រៅពីការសំណេះសំណាល ឯកឧត្ដម​ ហ៊ុន ម៉ានី មានផ្តល់ឱកាសដល់អ្នកចូលរួម ដែលជាលោកគ្រូ អ្នកគ្រូ និងគរុសិស្សទាំងអស់បានចែករំលែកបទពិសោធ និងស្ថានភាពផ្សេងនៃការរៀន និងបង្រៀនជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីបន្តនាំយកស្ថានភាពតាមបណ្តាភូមិសាស្ត្រនានាទូទាំងប្រទេសរាយការណ៍បន្តជូនថ្នាក់ដឹកនាំ ហើយឈានដល់ការស្វែងរកដំណោះស្រាយត្រឡប់មកវិញ ។

ក្នុងឱកាសនោះ ក៏មានមតិលើកពីបទពិសោធន៍ ការប្រឈមរបស់គណ:គ្រប់គ្រង សាស្ត្រាចារ្យផងដែរ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង