អភិបាលរាជធានី ដឹកនាំប្រតិភូ ទៅធ្វើទស្សនកិច្ចនៅវៀតណាមជិត១សប្តាហ៍ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង


ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងសមាជិកអមដំណើរ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងជិត១សប្តាហ៍ដោយចាប់ថ្ងៃចាប់ពីថ្ងៃទី៤ ដល់៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិសេស​លើវិស័យបរិស្ថាន សំរាម អប់រំ ទេសចរណ៍ បណ្តុះបណ្តាលនិងវិស័យសុខាភិបាលជាដើម។
ចំពោះកម្មវិធីដែលបានព្រាងទុក ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម ចាប់ពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២២ ។

ក្នុងនោះ គណៈប្រតិភូ នឹងអញ្ជើញចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់រដ្ឋធានីហាណូយ អញ្ជើញទៅកាន់ស្ថានីយប្រព្រឹត្តកម្មសំណល់រឹងណាំសឺន រួចបន្តទៅរោងចក្រ បាក់ធាងឡុង-វ៉ាន់ទ្រី គ្រប់គ្រងសំណល់​រឹង និងរាវ គណៈប្រតិភូបន្តដំណើរទៅកាន់មន្ទីរគណៈកម្មាធិការគណបក្សរដ្ឋធានីហាណូយ ជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តទៅកាន់ វិមានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

គណៈប្រតិភូក៏នឹងអញ្ជើញ ទៅចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ បន្តបន្ទាប់មកទៀត គណៈប្រតិភូចូលរួមកម្មវិធីកាត់ខ្សែបូបើក“កម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ”ហើយនៅថ្ងៃ០៨ កញ្ញា ដែលជាថ្ងៃចុងក្រោយ គណៈប្រតិភូនឹងអញ្ជើញមាតុភូមិនិវត្តន៍មករាជធានីភ្នំពេញវិញ នៅអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង