ក្រសួងបរិស្ថានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) រៀបចំទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២


ខេត្តព្រះវិហារ៖ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានរេដ​បូក ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅដែនជម្រកសត្វព្រៃឆែប ភូមិសាស្រ្ដភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងមានអញ្ជើញចូលរួមពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្រ្ដីនៃមន្ទីរបរិស្ថាន អង្គការដៃគូ អាជ្ញារធមូលដ្ឋានជាច្រើនរូបទៀត។

ជារៀងរាល់ឆ្នាំ ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិប្រារព្ធឡើងក្នុងគោលបំណង ឧទ្ទេសនាមសត្វត្មាតជិតផុតពូជបំផុតទាំងបីប្រភេទមានដូចជា ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា និងបញ្ជ្រាបចំណេះដឹងអំពីតួនាទីរបស់សត្វត្មាតនៅក្នុងប្រព័ន្ឋអេកូឡូស៊ី ក៏ដូចជាអប់រំផ្សព្វផ្សាយពីការងារអភិរក្ស និងគុណតម្លៃរបស់សត្វត្មាតដល់សាធារណជនឱ្យបានយល់ដឹង។

គួរបញ្ជាក់ថា៖ក្រសួងបរិស្ថានបានកំពុងសហការជាមួយ អង្គការWCS ធ្វើការអនុវត្តនូវសកម្មភាពអភិរក្សសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែបតាមរយៈការផ្តល់ចំណីរបន្ថែម ២ដងក្នុងមួយខែ និងការការពារសំបុក​ពងកូន។

ចាប់ពីខែ មករា ដល់ខែ កក្កដា ឆ្នាំ២០២២ អង្គការ WCS បានរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ “អាហារដ្ឋានត្មាត” ចំនួន១៤ដង ដើម្បីតាមដានចំនួនសត្វត្មាត។ តាមរយៈការកត់ត្រាក្នុងឆ្នាំ ២០២២ វត្តមានសត្វត្មាតច្រើនជាងគឺចំនួន ៥៥ក្បាល ក្នុងនោះ ៖ ត្មាតភ្លើង ៩ក្បាល ត្មាតផេះ ៣០ក្បាល និងត្មាតត្នោត ២០ក្បាល។

ចាប់តាំងពីឆ្នាំ២០០០រហូតដល់បច្ចុប្បន្ន អង្គការWCSបានអនុវត្តគម្រោងនៅតំបន់ការពារទេសភាពភាគឧត្តរ(ខេត្តព្រះវិហារ)នៃប្រទេសកម្ពុជា ដោយធ្វើការសិក្សាស្រាវជ្រាវជីវៈចម្រុះការគាំទ្រការលើការល្បាត អនុវត្តច្បាប់សហគមន៍តំបន់ការពារធម្មជាតិ ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ សហគមន៍​ទេសចរណ៍ធម្មជាតិ ការបែងចែក និងកំណត់តំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ។ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង