លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបើកវគ្គតម្រង់ទិស ដើម្បីប្រសិទ្ធភាព នៃការសិក្សា និងការងារ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំវិទ្យាល័យបាក់ទូក លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបើកវគ្គតម្រង់ទិស ដើម្បីប្រសិទ្ធភាព នៃការសិក្សា និងការងារ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបចំនួន៣០៥នាក់ (ស្រី២០១នាក់) ។

មានប្រសាសន៍បើកវគ្គនាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ទីប្រឹក្សា ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សទាំងអស់ ប្រកបដោយក្តីនឹករលឹក ។

លោកបានលើកឡើងពីគោលបំណងនៃការបើកវគ្គតម្រង់ទិសនេះ គឺដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅកំរិតមធ្យមសិក្សាទាំងអស់ អាចស្វែងយល់បន្ថែមពីការកំណត់គោលដៅជីវិតនាពេលអនាគតរបស់ខ្លួន ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា ការជំរុញលើកទឹកចិត្តឱ្យកាន់តែមានភាពសកម្មទាំងក្នុងការសិក្សា និងការងារ ជាពិសេសការគ្រប់គ្រងដឹកនាំខ្លួនឯងឆ្ពោះទៅកាន់ភាពជោគជ័យនាថ្ងៃអនាគត ។

មុនប្រកាសបើកវគ្គ លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីឆ្លងកាត់វគ្គយល់ដឹងតម្រង់ទិសនេះរួចហេីយ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សទាំងអស់ នឹងទទួលបាននូវចំណេះដឹងជាគន្លឹះក្នុងការអភិវឌ្ឍខ្លួនក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ព្រមទាំងជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិនាថ្ងៃអនាគត ៕ អរគុណសន្តិភាព




