សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន៥.០០០ម៉ែត្រគីប មុននឹងបន្តអញ្ជើញទៅពិនិត្យការដា្ឋនសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន២០.០០០ម៉ែត្រគីប។


រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ឬធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមានជាតិពុលឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅក្នុងសមុទ្រដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានសំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ខណៈខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលខាងមុខ៕ អរគុណសន្តិភាព











