កម្ពុជាខិតខំពង្រឹងការអភិវឌ្ឍថាមពលកកើតឡើងវិញ ឱ្យបានអតិបរមាឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន

ក្នុងឆ្នាំ២០២១ កន្លងមកនេះ ថាមពល ដែលបានមកពីប្រភពថាមពល កកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា។ ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាព នៃប្រភពថាមពល របស់កម្ពុជា ចំណែកអានុភាព​នៃប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥% នៃអានុភាពតម្លើងសរុប។ នេះជាប្រសាសន៍​លើកឡើង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងឱកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃព្រហស្បតិ៍ទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ជាមួយគ្នានេះ សម្តេតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់ លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញ ឱ្យបាន​អតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម ។
ដើម្បីសម្រេចទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជា រហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ ថាមពលពន្លឺព្រះអាទិត្យ លើដំបូលនៅកម្ពុជា។
សូមបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅខែកុម្ភះ ឆ្នាំ២០២២ កន្លងទៅនេះ បានដាក់ចេញយុទ្ធសាស្រ្ត អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន LTS4CN ដែលរំពឹងថានឹងសម្រេចបានការងារអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន«LTS4CN» នេះ គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្ត របស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ និងបង្ហាញនូវសេណារីយ៉ូ គោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ នៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។
យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ត្រូវបានអនុម័ត និងដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
សម្រាប់ការផលិតថាមពល យុទ្ធសាស្រ្តនេះបានធ្វើការបញ្ចូលការប្តេជ្ញាចិត្តថ្មីៗ របស់កម្ពុជាក្នុងការមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី និងគោលដៅថាមពលកកើតឡើងវិញ ៣៥% ក្នុងប្រភពថាមពលចម្រុះត្រឹមឆ្នំា ២០៥០។ ជាមួយគ្នានេះ យុទ្ធសាស្រ្តក៏បានដាក់គោលដៅកាត់បន្ថយការដុតសំណល់នៅទីវាល ឱ្យបាន ៨៥% ផងដែរ៕ (by MoE )អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង