ទីតាំងបើកល្បែងខុសច្បាប់ ជាង៨០០ទីតាំងនៅខេត្តតាកែវ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងអប់រំណែនាំបញ្ឈប់សកម្មភាព
(តាកែវ)៖ ឯកឧត្តមអភិបាលខេត្តតាកែវ អ៊ូច ភា បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ កម្លាំងសមត្ថកិច្ចនៅក្នុងខេត្តតាកែវបានធ្វើការចុះពិនិត្យណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់ផ្សេងៗ នៅក្នុងខេត្តតាកែវ បានចំនួន៨៦៩ទីតាំង។
ឯកឧត្តម អ៊ូច ភា បានលើកឡើងថា បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន សម្តេចបានបញ្ជាទៅដល់ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាពិសេសអភិបាលក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវ ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដោយចុះទៅអប់រំណែនាំ និងបញ្ឈប់ទីតាំងល្បែងខុសច្បាប់នានា នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ ហើយបើករណីនៅតែលួចបើកដំណើរការបន្ត គឺត្រូវតែបង្រ្កាបតែម្ដង។
ឯកឧត្តម អ៊ូច ភា បានអះអាងថា ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃនេះ កម្លាំងសមត្ថកិច្ចបានចុះអប់រំណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់ដទៃទៀតបានចំនួន៨៦៩ទីតាំងនៅទូទាំងខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា «អភិបាលក្រុងស្រុកត្រូវមានការទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវធ្វើការបង្រ្កាបជាប់ជាប្រចាំតែម្ដង»។ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ លោកនឹងបន្តត្រួតពិនឹត្យនៅគ្រប់មូលដ្ឋានខេត្តតាកែវ ដើម្បីពង្រឹងការអនុវត្តនូវបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល៕