មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានអញ្ជើញបំពាក់ឋានន្តរសក្តិកិច្ចបច្ឆាមរណៈដល់វីរៈកងទ័ពចំនួន២នាក់ ដែលបានពលីជីវិតសង្រ្គោះក្មេងលង់ទឹក
ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញបំពាក់ឋានន្តរសក្តិកិច្ចបច្ឆាមរណៈជូនវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ។
ដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចឲ្យអគ្គបញ្ជាការតម្លើងឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈជូនវីរៈកងទ័ពទាំង ២ នាក់ ក្នុងនោះមាន:
១. អនុសេនីយ៍ឯក ឈន ស៊ីដេត អាយុ ៣៩ ឆ្នាំ សពបានប្រារព្ធធ្វើបុណ្យនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
២. អនុសេនីយ៍ឯក វ៉ាន់ ថុល សពបានប្រារព្ធធ្វើបុណ្យនៅភូមិដីបាក់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ព្រមទាំង នាយ ពលទាហាន ទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទជូនចំពោះគ្រួសារសពវីរៈយុទ្ធជនទាំង២ ។ ទោះជារូបលោកទាំង២ លាចាកលោកទៅហើយក្តី យើងទាំងអស់គ្នានៅតែចងចាំនូវីរៈភាពអង់អាចក្លាហាន និង ស្នាដៃជាច្រើនដែលមិនអាចបំភ្លេចបានឡើយ ។ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកទាំង ២ សូមទៅកាន់សុគតិភព ជាឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។ឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញបំពាក់ឋានន្តរសក្តិកិច្ចបច្ឆាមរណៈដល់វីរៈយោធិនពលីចំនួន ២នាក់ ៕