ទិវាគ្រូបង្រៀនឆ្នាំ២០២២ បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង”

ភ្នំពេញ៖ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” ត្រូវបានជ្រើសរើសធ្វើជាប្រធានបទនៃពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា វិបត្តិកូវីដ-១៩ បានបង្ហាញថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ។ តួនាទី និងប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ ដើម្បីធានាឱ្យសិស្សានុសិស្ស និងនិស្សិតទទួលបាននូវការអប់រំ គ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរចំពោះការបូជាកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីរបស់គ្រូបង្រៀនគ្រប់រូប និងគ្រប់ជំនាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារបង្ហាត់បង្រៀនកូនខ្មែរគ្រប់រូប ឱ្យទទួលបាននូវចំណេះដឹង និងជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិរហូតដល់សព្វថ្ងៃ។ ជាពិសេស ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ បានសហការគ្នាក្នុងការផ្តល់សេវាអប់រំតាមគ្រប់រូបភាពដល់សិស្សានុសិស្ស និងនិស្សិត។
ការប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនអន្តរជាតិ ដើម្បីបង្ហាញនូវតួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការធ្វើបរិវត្តកម្មអ្នកសិក្សាប្រកបដោយសក្តានុពល ដោយធានាថាពួកគេមានឧបករណ៍ ត្រូវទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គមជាតិ និងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគាំទ្រ និងគិតគូរជាចម្បងដល់វិស័យអប់រំ និងសុខុមាលភាពបុគ្គលិកអប់រំ សិស្សានុសិស្ស និងយុវជន ដោយការសម្រេចដ៏ខ្ពង់ខ្ពស់ ឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់បុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យានៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យអប់រំ៕ អរគុណសន្តិភាព






















