ឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចែកអាវរងាជូនកងកម្លាំងប្រដាប់អាវុធ គ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើជើងលេខ៥១ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចែកអាវរងាជូនកងកម្លាំងប្រដាប់អាវុធ គ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើជើងលេខ៥១ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងពិធីប្រគល់អំណោយនេះដែរ ក៏មានការចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តមឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង និងជានាយសេនាធិការ យោធភូមិភាគទី៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

កាយវិការដ៏ប្រពៃនាព្រឹកនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងពីសុខទុក្ខកងទ័ពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ និងខ្វាយខ្វល់ពីសុខទុក្ខកងទ័ព និងកងកម្លាំងជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារទឹកដី និងប្រជាពលរដ្ឋ។

សូមជម្រាបថា មុននឹងរដូវរងាធ្លាក់ខ្យល់ចូលមកដល់ សម្តេចទាំងទ្វេបានរៀបចំចាត់ចែងបែងចែកសម្ភារៈទៅតាមទិសទុកជូនកងទ័ព និងបានចាត់ឯកឧត្តម ហ៊ុន ម៉ានី ជាតំណាងដើម្បីចុះចែកជូនផ្ទាល់ និងនាំនូវការសាកសួរសុខទុក្ខទៅដល់កងកម្លាំងគ្រប់អង្គភាព។

ថ្លែងនាឱកាសប្រគល់អំណោយ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ និងកោតសរសើរចំពោះវីរភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់ តែងតែចុះជួយសង្រ្កោះប្រជាពលរដ្ឋ ស្រែដំណាំ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់ចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធជាផ្នែកស្នូលមួយក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា កងកម្លាំងទាំងអស់បានគោរព និងទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ និងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ដែលជាកត្តាកំណត់ជោគជ័យក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ។ ទន្ទឹមនឹងនេះ លោករំលេចដែរថា ការបញ្ជូនកូនៗឲ្យមកសួរសុខទុក្ខកងទ័ពដោយផ្ទាល់នេះ គឺជាការបណ្តុះស្មារតីឲ្យកូនៗគោរព និងស្រលាញ់កងទ័ព និងផ្សាភ្ជាប់ខ្លួនទៅនឹងការងារ។

សូមបញ្ជាក់ថា ក្រៅពីអំណោយជាអាវរងា ឯកឧត្តម ហ៊ុន ម៉ានី ក៏បាននាំមកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗមានដូចជា៖ អង្ករ ២០០គីឡូក្រាម, មី ១៤កេស, ត្រីខកំប៉ុង ៥កេស, ទឹកដោះគោ ១០កេស, ទឹកត្រី ៣កេស, ប៊ីចេង ១៦កញ្ចប់, ទឹកសុទ្ធ ៥០កេស និងម៉ាស ១៥កេស៕

អត្ថបទដែលជាប់ទាក់ទង