សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទមហាសន្និបាតកាយឫទ្ធិជាតិកម្ពុជា

ភ្នំពេញ៖ នៅរសៀល ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទមហាសន្និបាតកាយឫទ្ធិជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។


កាយឫទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាងសកម្មមួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។


សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយ និងសូមចូលរួមអបអរសាទរកាយឫទ្ធិជាតិកម្ពុជាដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈនៃមហាសន្និបាតកាយរឹទិ្ធជាតិកម្ពុជា ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងជំរុញចលនាកាយឫទ្ធិជាតិកម្ពុជាឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា ដោយបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល និងមានភក្តីភាពជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិ ។


ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមឧទ្ទិសសមិទ្ធផលនេះជូនសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងកាយរឹទ្ធាចារ្យដែលបានខិតខំ និងលះបង់កម្លាំងកាយចិត្តដើម្បីអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជារយៈពេលកន្លងមក។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពលើការពង្រឹងសកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ តាមរយៈសកម្មភាពចលនាកាយឫទ្ធិកម្ពុជាដែលជាកម្លាំងចលករសម្រាប់ ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោកនៃចលនាកាយឫទ្ធិ គឺការកសាង ពិភពលោកមួយប្រកបដោយសមត្ថភាពសម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត ។

ដូច្នេះ ការពង្រឹងភាពជាអ្នកដឹកនាំ និងការបណ្តុះ បណ្តាលជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសមេកងឯកភាព ដែលជាសកលវិទ្យាធិការ នាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងពិតជាបានឆ្លើយតបទៅនឹង គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការលើកទឹកចិត្តលើចំណុចសំខាន់ៗមួយចំនួន ដើម្បីភាពរីកចម្រើននៃចលនាកាយឫទ្ធិជាតិកម្ពុជា ដូចខាងក្រោម៖
១-ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់អាណត្តិទី ៤ នេះ ត្រូវបន្តលើកកម្ពស់ការងារអប់រំ និងបណ្តុះ បណ្តាលធនធានយុវជន តាមរយៈការជំរុញចូលរួមក្នុងចលនាកាយរឹទិ្ធ និងអភិវឌ្ឍកម្មវិធីស្វ័យអប់រំខ្លួនឯង ដើម្បីក្លាយជា ពលរដ្ឋកាយរឹទិ្ធ ដែលផ្តល់ផលប្រយោជន៍ចំពោះសង្គមជាតិ ។ ត្រូវបន្តរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ឯកសារគតិយុត្ត លិខិតបទដ្ឋានរដ្ឋបាលនានា ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ។
២-ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការពិភពលោកនៃចលនាកាយឫទ្ធិ និងគ្រប់បណ្តាអង្គការកាយឫទ្ធិជាតិ ថ្នាក់តំបន់ និងពិភពលោកសំដៅបង្កើនប្រសិទ្ធភាពអនុវត្តផែនការយុទ្ធសាស្ត្រ ការផ្លាស់ប្តូរកម្មវិធី ការបណ្តុះបណ្តាល ជំនាញកាយឫទ្ធិកម្ម និងអភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ ស្របតាមកម្រិតបទដ្ឋានតំបន់ និងពិភពលោក ។ ត្រូវបន្តលើកទឹកចិត្តយុវជនកាយឫទ្ធិ ដែលមានសមត្ថភាព និង មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ឱ្យចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងគណៈកម្មការកាយឫទ្ធិថ្នាក់តំបន់ និងពិភពលោក ។
៣-ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយឫទ្ធិ-ជាតិកម្ពុជា ថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវបន្តរៀបចំផែនការសកម្មភាពរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី ព្រមទាំងការខិតខំកៀរគរសប្បុរសជន “មូលនិធិកាយរឹទិ្ធ” គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រសកម្មភាព កាយឫទ្ធិជាតិកម្ពុជាទូទាំងប្រទេស ។
៤- ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយឫទ្ធិជាតិកម្ពុជាថ្នាក់ជាតិត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងារកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានដំណើរការល្អ ជាពិសេស ត្រូវរៀបចំ “គោលនយោបាយ និងកម្មវិធីសម្រាប់កាយឫទ្ធិរៀមច្បង” និងបង្កើត “ ក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង ” ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងកាយរឹទិ្ធ។គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនដែលពុំទាន់បានរៀបចំចលនាកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីកសាងកម្លាំងកាយឫទ្ធិរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព ។
៥-ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយឫទ្ធិកម្ម ដល់មេដឹកនាំកាយរឹទិ្ធតាមបណ្តា គ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានអន្តរជាតិឱ្យក្លាយ ជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ក្នុងការរៀបចំផែនការសកម្មភាព និងកម្មវិធីកាយឫទ្ធិកម្មក្នុងកងឯកភាពរបស់ខ្លួន ។
៦-ត្រូវបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រសួងស្ថាប័ន, វិស័យឯកជន អង្គការដៃគូ អង្គការពិភពលោកនៃចលនាកាយឫទ្ធិ និងអង្គការ សមាគម កាយឫទ្ធិជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ដើម្បីសហការរៀបចំសិក្ខាសាលា វេទិកា យុវជន ការផ្លាស់ប្តូរវប្បធម៌ វគ្គបណ្តុះបណ្តាល និងការបោះជំរំថ្នាក់តំបន់ និងពិភពលោក ដើម្បីបង្កើនកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ។
៧-ត្រូវបន្តយកចិត្តទុកដាក់បំផុសសកម្មភាពកាយឫទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំ ព្រឹតិ្តការណ៍ប្រចាំឆ្នាំ ជាមួយនឹងការចូលរួមក្នុងព្រឹតិ្តការណ៍កាយឫទ្ធិអន្តរជាតិនានា។

ចុងបញ្ចប់សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងប្រកាសទទួលស្គាល់ក្រុមប្រឹក្សា និង គណៈកម្មាធិការប្រតិបតិ្តកាយឫទ្ធិជាតិកម្ពុជាអាណត្តិទី ៤ ឆ្នាំ ២០២២-២០២៦ តាមស្មារតីអង្គមហាសន្និបាត និងបានអំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំ តាមប្រព័ន្ធកាយឫទ្ធិកម្ម រួមចំណែកលើកកម្ពស់ការអប់រំចំណេះដឹង ជំនាញនិងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជាប្រកបដោយ ប្រសិទ្ធភាព៕ អរគុណសន្តិភាព


