ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤១ អាណត្តិទី៣ ឆ្នាំ២០២២
នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅសល់ប្រជុំសាលាខេត្តកណ្ដាល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤១ អាណត្តិទី៣ ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានឱ្យដឹងថា ឆ្នាំនេះទឹកឡើងខ្លាំងជាងឆ្នាំផ្សេងៗ ហើយតំបន់មួយចំនួនដែលពុំធ្លាប់ទទួលរងការជន់លិច ក៏ត្រូវបានជន់លិចដោយទឹកជំនន់នេះផងដែរ ដូច្នេះប្រជាពលរដ្ឋបានប្រើប្រាស់មធ្យោបាយទូកចម្លងដើម្បីចម្លងប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយ។ ឯកឧត្តមប្រធាន បន្ថែមថា ដូចនេះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវធ្វើការចុះពិនិត្យ និងក្រើនរំលឹកដល់ម្ចាស់កំពង់ចម្លងទាំងអស់ ត្រូវពិនិត្យលើទូករបស់ខ្លួនឱ្យបានត្រឹមត្រូវ លើទូកត្រូវមានសម្ភារៈសម្រាប់ការពារគ្រប់គ្រាន់ ធ្វើយ៉ាងណាដើម្បីបញ្ជៀសឱ្យបានដាច់ខាតនៅឧបទ្វហេតុនានាដែលអាចកើតមានឡើងជាយថាហេតុផងដែរ។
ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានស្នើដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមចុះធ្វើការពិនិត្យ និងសិក្សា បន្ទាប់ពីទឹកជំនន់ត្រូវបានស្រកអស់ ដើម្បីធ្វើការជួសជុលផ្លូវ ស្ដារប្រឡាយ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានរងការខូចខាតដោយគ្រោះទឹកជំនន់។
ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំដល់គ្រប់អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ នាថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ មានភាពសប្បាយរីករាយ និងទទួលបានការសាទរពីប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី៤១ អាណត្តិទី៣ ឆ្នាំ២០២២ បានធ្វើការពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២។ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងគម្រោងវិនិយោគខេត្តរបស់រដ្ឋបាលខេត្ត ឆ្នាំ២០២៣។ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត និងធ្វើការផ្សព្វផ្សាយអនុក្រឹត្យ សេចក្ដីសម្រេច និងប្រកាសនានា របស់ក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលផងដែរ៕