អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារជួបការលំបាករងគ្រោះទឹកជំនន់ ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ

រសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកដោយសារទឹកជំនន់ចំនួន ៥០គ្រួសារដល់មូលដ្ឋាន ឃុំបន្ទាយនាង ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។

អំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៩៣គ្រួសារ មានភូមិចក ១១គ្រួសារ ភូមិបី ២៦គ្រួសារ ភូមិព្រះពន្លា ២៨គ្រួសារ ភូមិព្រៃឬស្សី ២៨គ្រួសារ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។

ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម៕

អត្ថបទដែលជាប់ទាក់ទង