ក្រុមបាល់ទាត់វិទ្យាល័យព្រះសុីសុវត្ថិ ក្លាយជាម្ចាស់ពានរង្វាន់ជើងឯកវិទ្យាល័យ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ និងប្រគល់ពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី ២ ឆ្នាំ ២០២២ នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ នារសៀលថ្ងៃ ១៩ ខែតុលា ឆ្នាំ ២០២២។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានស.ស.យ.ក. រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក. រួមទាំង ប្អូនៗ សិស្សានុសិស្សមកចូលរួមគាំទ្រប្រមាណ ៤០០០នាក់។
សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ គឺជាការប្រកួតរវាងក្រុមបាល់ទាត់វិទ្យាល័យព្រះសុីសុវត្ថិ និង វិទ្យាល័យឥន្ទ្រទេវី ដែលបានឆ្លងកាត់ដំណាក់កាលប្រកួតតាំងពីវគ្គសន្សំពិន្ទុ រហូតមកដល់វគ្គចុងក្រោយនេះ។ ទន្ទឹមនឹងបរិយាកាសដ៏សប្បាយរីករាយ ពោរពេញដោយសម្លេងហ៊ោកញ្ជៀវពីសំណាក់គណអធិបតី ទស្សនជន កម្មវិធីនេះក៏ការចូលរួមសម្តែងចម្រៀងដោយសិល្បៈករ សិល្បៈការិនី ការសម្តែងរបាំស្ករជ័យ ក្បាច់គុណល្បុក្កតោ។
ក្រោយការប្រកួតត្រូវបានបញ្ចប់ ក្រុមបាល់ទាត់វិទ្យាល័យព្រះសុីសុវត្ថិបានទទួលជ័យជំនះលើវិទ្យាល័យឥន្រ្ទទេវី។
នាឱកាសនោះដែរ គណអធិបតីបានអញ្ជើញប្រគល់ ពានរង្វាន់ មេដាយ និងស្លាករង្វាន់ ជូនដល់ក្រុមកីឡាករដែលទទួលបានជ័យលាភីលេខ១ លេខ២ លេខ៣ និងក្រុមអាជ្ញាកណ្តាលល្អ គ្រូបង្វឹកល្អជាងគេ កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ អ្នកចាំទីល្អ កីឡាករល្អជាងគេ និងក្រុមទទួលបានការលេងដោយយុត្តិធម៌បំផុតផងដែរ៕ អរគុណសន្តិភាព