ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ នៅក្នុងស្រុកកំពង់សៀម ចំនួន ៤៩៧គ្រួសារ ទទួលបានអំណោយពូជស្រូវ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀមបម្រុងកម្ពុជា។
នៅព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡាំង ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវស្រាលមិនប្រកាន់រដូវរបស់រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន៤៩៧គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានា។ ពិសេសនៅថ្ងៃនេះសម្តេចតេជោ បានចាត់តាំងរូបឯកឧត្តម ដើម្បីនាំយកស្រូវពូជរបស់រាជរដ្ឋាភិបាល សម្រាប់ស្តារឡើងវិញបន្ទាប់ពីជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បីបងប្អូនមានលទ្ធភាពក្នុងបង្កបង្កើនផលបានទាន់ពេលវេលា និងបង្កើនសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាកសិករ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ក្នុងឱកាសនោះថា រយៈពេល ២ ឆ្នាំកន្លងទៅ ប្រជាពលរដ្ឋក្នុងតំបន់នេះមិនធ្លាប់ជួបប្រទះរងគ្រោះ ដោយជំនន់ទឹកទន្លេមេគង្គនោះទេ ដោយទឹកទន្លេមានត្រឹមតែកម្ពស់១២ ម៉ែត្រប៉ុណ្ណោះ ទើបតែឆ្នាំ២០២២ នេះ ទឹកទន្លេមេគង្គឡើងកម្ពស់រហូតដល់ជាង ១៤ ម៉ែត្រ ធ្វើឱ្យស្រូវប្រជាពលរដ្ឋជាច្រើនហិកតា បានរងគ្រោះខូចខាត ។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា បាននាំពូជស្រូវយកមកចែកជូនបងប្អូន ដើម្បីដាំស្ដារឡើងវិញ បានទាន់ពេលវេលា។ ក្នុងនាមប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទន្លេមេគង្គ ចំនួន ៤៩៧គ្រួសារ នៅឃុំចំនួន ០៤ ក្នុងស្រុកកំពង់សៀម សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ពូជស្រូវចំនួន ៣៣.៦៥០គីឡូក្រាម សម្រាប់ការស្តារឡើងវិញ។















