ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូន​ប្រជាព​ល​រដ្ឋនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច​តេជោ​(TY​D​A) ​ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ គ្រួសាកងទ័ព នគរបាល កងរាជ​អាវុធហត្ថ និងយោធិនចូលនិវត្តន៍ប្រមាណជាង០៣ពាន់នាក់ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

កម្មវិធីនេះ ក៏មានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ផៃ ប៊ុន ឈឿន ប្រធានក្រុមការងារថ្នាក់​ជាតិចុះ​ជួយ​មូ​លដ្ឋានខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ​​ប្រធាន​​ប្រតិបត្តិសមាគមគ្រូពេទ្យ​ស្ម័គ្រចិត្តយុវជនសម្តេច​តេជោ​(TYDA) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង ថ្នាក់ដឹកនាំខេត្ត យុវជន ស.ស​.យ.ក យុវជនកាកបាទក្រហមកម្ពុជា ស្រុកសៀមប៉ាង ជាច្រើនរូប។

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេ​ជោ​(TYDA) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បាន​មាន​ប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បង​ប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ផៃ ប៊ុនឈឿន បានថ្លែង​អំណរ​គុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន​យកចិត្ត​ទុកដាក់ ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ តាមរយៈការពិនិត្យ និងព្យាបាលជំងឺ ដោយឥត​គិតថ្លៃ ជូនប្រជាពលរដ្ឋ ដែលសកម្មភាពមនុស្សធម៌នេះ បានជួយសម្រាលដល់ការចំណាយ នៅក្នុងជីវ​ភាពរស់នៅប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង និង ឯកឧត្តម ផៃ ប៊ុនឈឿន បានសំណូមពរដ​ល់​ក្រុមគ្រូពេទ្យស្មគ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាល​ជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នា​កាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង