ឯកឧត្តម សាម៉ន បណ្ឌិត្យ ប្រកាសថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ
ភ្នំពេញ៖ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ «ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី» ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្រ្តខ្មែរ។ ជនក្បត់ជាតិរូបនេះបានប្រមាថព្រះមហាក្សត្រចំៗ ដោយនិយាយពេញៗមាត់ថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» និងចោទប្រកាន់ព្រះមហាក្សត្រថា ជាជនក្បត់ជាតិដែលបានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេស។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងខ្ញុំពិតជាពុំអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះមកលើអង្គព្រះមហាក្សត្រ។ យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ថ្លើមពាសមេឃដែលហ៊ានប្រមាថចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតចំពោះប្រជារាស្រ្តខ្មែរ។
ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថាក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងឱ្យបានជាដាច់ខាត។
យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និងជាទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែលបានរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងឱ្យបានឡើយ។
យើងខ្ញុំជាប្រជារាស្រ្តខ្មែរសូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តន៍តទៅ ព្រោះព្រះអង្គគឺជាឥស្សរជនស្នេហាជាតិ ស្នេហាទឹកដី និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងជាប្រជារាស្រ្តខ្មែរ។
យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ឱ្យអស់ពីកម្ពុជា ដើម្បីរក្សានូវសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕ អរគុណសន្តិភាព