សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក Sardar Umar Alam តំណាងអង្គការយូនីស្កូ (UNESCO) ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១កើត ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក Sardar Umar Alam តំណាងអង្គការយូនីស្កូ (UNESCO) ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍លោក Sardar Umar Alam និងបានថ្លែងអំណរគុណដល់អង្គការ យូនីស្កូ ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាជាច្រើនឆ្នាំ និងច្រើនវិស័យ។ សម្ដេចបានរម្លឹកថា កម្ពុជាបានចូលជាសមាជិកអង្គការ យូនីស្កូ នៅឆ្នាំ១៩៥១ ដែលជាឆ្នាំបង្កើតអង្គការ ប៉ុន្តែកិច្ចសហការជាមួយគ្នាក៏ធ្លាប់បានអាក់ខានមួយរយៈដោយសារស្ថានភាពសង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា។
លោក Sardar Umar Alam តំណាងអង្គការយូនីស្កូ បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម។ លោកក៏បានឆ្លៀតកោតសរសើររាជរដ្ឋាភិបាលកម្ពុជាលើការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងការចាក់វ៉ាក់ជូនប្រជាជន ហើយដែលក្នុងនោះរូបលោកផ្ទាល់ក៏ទទួលបានការចាក់វ៉ាក់សាំងដូសទី៥ លោកក៏រីករាយដែលសង្កេតឃើញយុទ្ធនាការសុខាភិបាលមួយនេះប្រព្រឹត្តទៅដោយស្មើភាព និងគ្មានការរើសអើង។
លោកបានរម្លឹកថា ចាប់តាំងពីបើកការិយាល័យឡើងវិញនៅកម្ពុជាឆ្នាំ១៩៩១ យូនីស្កូ បានជួយកម្ពុជាលើវិស័យវប្បធម៌ អប់រំ ព័ត៌មាន និងសារគមនាគមន៍ វិទ្យាសាស្រ្តធម្មជាតិ សង្គមសាស្រ្ត និងមនុស្សសាស្រ្ត។ លោកបន្តថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ យូនីស្កូ បានផ្ដោតលើការអប់រំអក្ខរកម្មតាមរោងចក្រ និងអនុវត្តកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធើណែត និងបានពង្រីកវិសាលភាពការងារពាក់ព័ន្ធការបញ្ចេញមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
លោកបន្តថា បណ្ដាញសង្គមបច្ចុប្បន្ន បានផ្លាស់ប្ដូររបៀបទទួលព័ត៌មានរបស់សាធារណជន ហើយក៏បង្កើតជាបញ្ហាស្មុគស្មាញដល់អ្នកប្រើប្រាស់ និងរាជរដ្ឋាភិបាលដែរ។ លោកថា ក្នុងនោះបណ្ដាញសង្គម ក៏បង្កើតជាផលប៉ះពាល់ផ្សេងទៀត ដូចជាបទល្មើសបច្ចេកវិទ្យាជាដើម។ លោកថា យូនីស្កូ បានផ្ដល់ការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលកម្ពុជាពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល និងបណ្ដាញសង្គមដើម្បីប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានប្រកបដោយការរើសអើង។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ តំណាងអង្គការ យូនីស្កូ ប្រចាំកម្ពុជារូបនេះ ក៏បានជម្រាបជូនសម្ដេចដែរថា អង្គការ យូនីស្កូ មានធនធាន និងចង់ស្នើសុំសម្ដេចក្រឡាហោម ដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើការងារបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជា និងរៀបចំផ្ដល់ជំនួយចាំបាច់ផ្សេងទៀត ដើម្បីគាំទ្រដល់ការងារដូចបានលើកឡើងខាងលើនេះ។
សម្ដេចក្រឡាហោម បានមានប្រសសាន៍ថា ប្រទេសកម្ពុជា និងបណ្ដាប្រទេសនានាសុទ្ធតែជួបប្រទះនឹងបញ្ហាក្នុងវិស័យឌីជីថល។ សម្ដេចបន្តថា ជាគោលការណ៍ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យពលរដ្ឋបញ្ចេញមតិ ប៉ុន្តែទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏ត្រូវទប់ស្កាត់រាល់មតិទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គមដែរ សម្ដេចឯកភាពថា បញ្ហានេះទាមទារឱ្យមានការចែកច្បាស់រវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត។
សម្ដេចបន្តថា បណ្ដាញសង្គម ក៏បានបង្កើតឱកាសឱ្យជនខិលខូចបង្កើតជាបទល្មើសផ្សេងៗ ដូចជាការឆបោក និងការលួចលុយតាមប្រព័ន្ធអនឡាញ។ ពាក់ព័ន្ធនឹងឌីជីថលនេះ សម្ដេចបានគូសបញ្ជាក់ថា សម្ដេចផ្ទាល់ក៏មានផេកហ្វេសប៊ុកផ្ទាល់ខ្លួន ហើយបើកចំហរឱ្យពលរដ្ឋដាក់ពាក្យបណ្ដឹង ដែលក្នុងនោះក៏មានបណ្ដឹងលើបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដូចជាការបោកប្រាស់តាមបណ្ដាញអនឡាញដែរ។ សម្ដេចទទួលស្គាល់ថា សមត្ថភាពមន្រ្តីក្នុងការដោះស្រាយបញ្ហានេះនៅមានកម្រិតនៅឡើយ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា សព្វថ្ងៃ រាជរដ្ឋាភិបាលកំពុងរៀបចំសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យា និងកំពុងស្ថិតក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធ និងក៏មានការចូលរួមពីមន្រ្តីជំនាញអាមេរិកដែរ។ សម្ដចថា សេចក្ដីព្រាងនេះនៅមិនទាន់មានលក្ខណៈពេញលេញនៅឡើយទេ ហើយទាមទារឱ្យមានការសិក្សាបន្ថែម ហើយសម្ដេចបានថ្លែងអំណរគុណ យូនីស្កូ សម្រាប់គំនិតផ្ដួចផ្ដើមបង្កើតកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធនឹងឌីជីថល និងបណ្ដាញសង្គមនេះដល់មន្រ្តីកម្ពុជា ។
លោក Sardar Umar Alam បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សម្ដេចលើគំនិតផ្ដួចផ្ដើមនេះ។ លោកក៏បានជម្រាបសម្ដេច អំពីកម្មវិធីអប់រំតាមប្រព័ន្ធអ៊ីនធើណែតដោយឥតគិតថ្លៃជូនប្រជាជនចាប់ពីអាយុ១៤ឆ្នាំឡើង។ លោកបន្តថា យូនីស្កូ មានគម្រោងពង្រីកម្មវិធីនេះទៅដល់រោងចក្រ និងពន្ធនាគារ។ លោកបានស្នើសុំសម្ដេចឱ្យមានការជួបគ្នារវាងមន្រ្តីជំនាញដើម្បីអនុវត្តគម្រោងនេះ។
សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការចាប់អារម្មណ៍ចំពោះគំនិតផ្ដូចផ្ដើមនេះ និងបានសន្យាចាត់មន្រ្តីជំនាញឱ្យធ្វើកិច្ចសហប្រតិការលើការងារនេះជាមួយអង្គការ យូនីស្កូ ៕ អរគុណសន្តិភាព