ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១២៨៨គ្រួសារ នៅឃុំស្រអែម


ខេត្តព្រះវិហារ៖ ថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន ១២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ តាមការឲ្យដឹងពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ខេត្តព្រះវិហារ ទទួលរងនូវគ្រោះទឹកជំនន់ ធ្វើឲ្យ​ប៉ះ​ពាល់តាមបណ្តា ក្រុង ស្រុក និងតំបន់មួយចំនួនរងការលិចលង់  ខូចខាតដំណាំកសិកម្ម ប៉ះពាល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផងដែរ ក្នុងនោះរួមមាន៖ ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២២៩​គ្រួសារ ក្នុងនោះ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន ១២៣គ្រួសារ។

ប៉ះពាល់ដំណាំស្រូវ ១០៩២៣ហិកតា ខូចខាត ៥០៥៧ហិកតា និងដំណាំរួមផ្សំ ៨០២០ហិកតា ខូចខាត ៤៣៣៨ហិកតា និងប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៦ក្រុង ស្រុក ផ្លូវជនបទមួយចំនួនទទួលរងការ​ខូច​ខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។

ជាការឆ្លើយតបចំពោះផលប៉ះពាល់ដោយទឹកជំនន់ខាងលើ អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរជំនាញ កងកម្លាំង​​​ប្រដាប់អាវុធ កាកបាទក្រហមខេត្ត និងអង្គការដៃគូរ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារ​រង​គ្រោះផងដែរ។

ជាកិច្ចចាប់ផ្តើមសំណេះសំណាល ឯកឧត្តម កិត្តិសង្គហបណ្ឌិត បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋកម្ពុជាគ្រប់ៗរូប។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។ ឯកឧត្តម បានមានប្រសាសន៍ថា ក្រុមការ​ងារតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលដែលពលរដ្ឋមានទុក្ខលំបាក។ ជាមួយគ្នានេះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អោយទទួលបាននូវភាពជោគជ័យ។

មុននឹងបញ្ចប់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងត្រឡប់ទៅផ្ទះវិញប្រកបដោយសេចក្តីសុខ សុវត្ថិភាព គ្រប់ៗគ្នា៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង