រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន និងឧបករណ៍បច្ចេកទេសទំនើបថ្មីៗមួយចំនួន ត្រូវបាន ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាទិញយកមកប្រើប្រាស់ ដើម្បីសម្រួលលើការងារត្រួតពិនិត្យ និងថែទាំស្ពាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព

ខេត្តកណ្តាល៖ ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត បាន អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពគុណភាពស្ពានព្រែកតាមាក់ ដោយប្រើប្រាស់ រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន រ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន និងឧបករណ៍ត្រួតពិនិត្យលំញ័រ ស្ពានផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ស្ពានព្រែក តាមាក់ ក៏ដូចជាដើម្បីបង្ហាញពីរបៀបប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថ្មីៗ ជូនទៅកាន់ថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសំដៅពង្រឹង និងពង្រីកបន្ថែមលើសមត្ថភាពការងារថែទាំ ហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នូវសំណង់បាត ស្ពានផ្នែកខាងក្រោមនៃស្ពានព្រែកតាមាក់ តាមរយៈរថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានមួយនេះ ដើម្បីពិនិត្យឱ្យដឹងថាស្ពានមានស្នាមប្រេះស្រាំ និងបញ្ហាខូច ឬយ៉ាងណា។

បន្ទាប់ពីការចុះពិនិត្យដោយផ្ទាល់រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា៖ ការប្រើប្រាស់រថយន្ត បំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាននេះ បានផ្តល់នូវភាពងាយស្រួល និងមានភាពសុក្រឹត្យជាងការចុះ ពិនិត្យមើលបាតស្ពានកាលពីពេលកន្លងមកដែលដោយគ្មានឧបករណ៍ប្រភេទនេះ និងបានបញ្ជាក់បន្ថែម ថា៖ រថយន្តដែលបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានប្រភេទនេះ មានលក្ខណៈទំនើប មានសមត្ថភាពខ្ពស់អាចផ្ទុកមនុស្សបានប្រមាណ១០នាក់សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពាន៕ អរគុណសន្តិភាព
















