នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៥៖២០នាទីល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ។

រហូតដល់ពេលនេះ មានប្រមុខរដ្ឋ/ ប្រមុខរដ្ឋាភិបាល ប្រទេសសមាជិកអាស៊ាន និងដៃគូនានារបស់អាស៊ាន បានចាប់ផ្តើមមកដល់កម្ពុជា ជាបន្តបន្ទាប់។
នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូនលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ៕ អរគុណសន្តិភាព





