ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣


ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលរួមប្រជុំពិភាក្សាការងារលើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ជាមួយរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
ស.ស.យ.ក.គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី ១០ របស់អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម‌» ដែលនាំយកសម្បត្តិវប្បធម៌ ទំនៀមទំលាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានអង្គរ។ ទន្ទឹមនឹងនោះ អង្គរសង្រ្កាន្ត ២០២៣ ក៏គ្រោងនឹងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើន រំលេចឡើងនូវខួប ១០ឆ្នាំរបស់ខ្លួនផងដែរ។
ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានសម្តែងនូវក្តីសោមនស្សរីករាយដែលព្រឹត្តិការណ៍អង្គរសង្រា្កន្តនឹងរៀបចំនៅឆ្នាំក្រោយនេះ។ ឯកឧត្តមបានបន្ថែមថា ឯកឧត្តមសូមស្វាគមន៍ និងរងចាំចូលរួមផ្តល់កិច្ចសហការ និងសម្របសម្រួលដើម្បីអោយព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្តមបានរំលេចថា ព្រឹត្តិការណ៍នេះនឹងផ្តល់ជាឱកាសចូលរួមដ៏អធិក​អធម និងសប្បាយរីករាយ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងជួយទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។
សូមជម្រាបជូនថា កាលពីពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ និងជនពិការលើកទី ១ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាសាធារណៈថានឹងមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ស.ស.យ.ក. ក្នុងនាមជាម្ចាស់គម្រោង បាននិងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណាដើម្បីអោយព្រឹត្តិការណ៏អង្គរឆ្នាំ២០២៣នេះ ក្លាយជាព្រឹត្តិការណ៍ដែលផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មីខាងមុខនេះផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង