សម្ដេចក្រឡាហោម ស ខេង អនុប្រធាគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធាគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនាឱកាសនេះ នឹងបន្តប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ នៅវិមាន ៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ មហាសន្និបាតនេះ មានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងសុន្ទរកថាបើកមហាសន្និបាត ដោយបង្ហាញអំពីរបាយការណ៍ ស្ដីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត។ មហាសន្និបាតនឹងក៏នឹងអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយគណបក្សសម្រាប់ការកសាង និងការពារមាតុភូមិ ពីឆ្នាំ២០២៣-២០២៨។
សូមបញ្ជាក់ថា នាថ្ងៃទី២៩ ខែមករាស្អែកនេះ ដែលជាថ្ងៃបញ្ចប់នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៃគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញមានមតិបូកសរុប និងផ្ដល់អនុសាសន៍នាំទៅកាន់អង្គសន្និបាត ដើម្បីពង្រឹង និងតម្រង់ទិសបន្ថែមទៀតសម្រាប់ការអនុវត្តកម្មវិធីនយោបាយគណបក្ស ពីឆ្នាំ២០២៣-២០២៨ ៕ អរគុណសន្តិភាព