សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ មេធាវីរាជរដ្ឋាភិបាលត្រៀមពាក្យប្តឹងវិទ្យុVODទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំទោស
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅក្នុងតេឡេក្រាមដែលមានន័យទាំងស្រុងថា ៖ “ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVOD មិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសទួរគី។
ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។
ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាប័នរបស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។
សម្រាប់ជំនួយទៅប្រទេសទួរគី យោបល់ទីមួយគឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃ8កុម្ភៈ ម៉ោង6.56នាទី។ បញ្ញាខ្ញុំឲ្យប្រកាស់10ម៉ឺនដុល្លារម៉ោង7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ពន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង7.18នៅព្រឹកថ្ងៃ 8 កុម្ភៈ 2023 ដូចគ្នា។
តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ
រយៈពេល72ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផងនិងសុំទោស ហ៊ុន ម៉ាណែត ផង។
ក្រសួងព័ត៌មានត្រូវធ្វើការជាមួយVOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំទោស។
យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។
សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។
មិត្តភក្តិបរទេសឬសង្គមសុីវិលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។
ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ14 មករា 2023 កន្លងទៅគឺ (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)។”