សម្តេចតេជោ ហ៊ុន សែន៖ អតីតបុគ្គលិក VOD ចំនួន៨នាក់ បានដាក់ពាក្យចូលបម្រើការរដ្ឋ ហើយការផុតកំណត់ទទួលត្រឹមថ្ងៃទី២៨ ខែកុម្ភៈនេះ

ភ្នំពេញ៖ សារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានខ្លឹមសារថា ៖ កាលពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌី ដែលបានបាត់បងការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧ កុម្ភៈ ២០២៣នេះ មានបុគ្គលិក៨រូប បានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧:០០នាទីថ្ងៃ២៨ កុម្ភៈ ២០២៣។
ខ្ញុំសូមបញ្ជាក់សារជាថ្មីថា វិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយ និងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថា បងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេ សុខចិត្តធ្វើស្រែ និងឡើងត្នោត។


ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះ រកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបាន ប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡង ខ្ញុំពិតជាមានការអរគុណ។
ពួកអាក្រក់មិនបាច់បង្ហោះសារឌីដងដាក់ខ្ញុំទេ ព្រោះខ្ញុំនិងរុញទូកបណ្តោយទឹក ដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ៕ អរគុណសន្តិភាព