សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧

ខេត្តកំពង់ធំ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។

ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត។ មុននឹងអញ្ជើញមកកាន់វេទិការពិធីសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាស្តង់ផលិតផល និងម្ហូបអាហារ ស្នាដៃខ្មែរជាច្រើនស្តង់ដែលបានដាក់តាំងបង្ហាញនៅក្នុងឱកាសនៃពិធីបុណ្យទន្លេលើកទី៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងស្មារតីនេះ កម្ពុជាត្រូវបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍នេះបន្ថែមទៀតក្រោមម្លប់សុខសន្ដិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ដល់អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងវិស័យឯកជន ដែលបានរួមគ្នារៀបចំពិធីបណ្យទន្លេលើកទី៧នេះ ប្រកបដោយជោគជ័យ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ក្រោយពីបានអាក់ខានរយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ១៩។

នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានបែងចែកដីបឹងទន្លេសាបជា ៣តំបន់ក្នុងនោះតំបន់៣ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើម្ចាស់កម្មសិទ្ធិបាន តំបន់២ អាចអាស្រ័យផល តែមិនអាចធ្វើម្ចាស់បាន និងតំបន់ ១ អាចអាស្រ័យផល និងអាចធ្វើម្ចាស់កម្មសិទ្ធិបាន ក្នុងនោះ ចំណុចសំខាន់ គឺការគិតគូរដល់ការអភិរក្ស និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសមិនខ្លាចញញើតក្នុងការប្រើប្រាស់មធ្យោបាយ និងវិធានការចំពោះអ្នកដែលមានបំណង ឬធ្វើសកម្មភាពបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជានោះឡើយ។ សម្តេចបានចាត់ទុកថា សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ហើយបើគ្មានសន្តិភាពទេនោះ សូមកុំនិយាយដល់បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺនិយាយត្រឹមតែសិទ្ធិរស់រានមានជីវិតប៉ុណ្ណោះ។ សម្តេចតេជោបានអំពាវនាវប្រជាពលរដ្ឋនៅទូទាំងប្រទេសរួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាពដែលរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុង ប្រទេសនេះទេ។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផល ដែលផលិតដោយស្នាដៃខ្មែរ នៅតាមស្ដង់នានា ឱកាសនៃការរៀបចំពិធីបុណ្យទន្លេលើកទី៧នេះ។ ទន្ទឹមគ្នានេះផងដែរ សម្ដេចតេជោបានឲ្យដឹងថា សម្ដេចកំពុងតែស្រមៃថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។

សម្ដេចតេជោបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ស្វាយចន្ទីរបស់ប្រទេសកម្ពុជាបានហួសប្រទេសកូឌីវ័រ ដែលមានត្រឹម១.១តោន (១លាន១សែនតោន) ប៉ុន្ដែកម្ពុជាមានស្វាយចន្ទីចំនួន១.១៨ លានតោន (១លាន១សែន៨ម៉ឺនតោន) រួចស្រេចទៅហើយ។សម្ដេចតេជោសង្ឃឹមថា កម្ពុជានាពេលអនាគត បន្ទាប់ពីមានសន្ដិភាព បូកជាមួយនឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្ម ដែលបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះទៅខេត្តកំពង់ធំ និងពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។ សម្តេចតេជោ ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣។

សូមជំរាបថាផ្លូវដែលត្រូវសាងសង់នាពេលខាងមុខនោះគឺផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤ គម្រោងផ្លូវ ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិនផងដែរ។

ជាមួយនឹងការប្រកាសបើកពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ ប្រជាពលរដ្ឋខេត្តកំពង់ធំ និងប្រជាពលរដ្ឋទូទាំងប្រទេស ជួបការសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនាផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗនៃពិធីបុណ្យទន្លេនេះ រហូតដល់ចប់កម្មវិធី៕ អរគុណសន្តិភាព