ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយមន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំ១៤ និងកម្លាំងមានសមត្ថិកិច្ចទាំងអស់ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយមន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រៀមពិធី ទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ដោយត្រូវជួសជុលកែលំអររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនិងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះអោយបានល្អប្រសើរ។

ការជម្រុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំ១៤ មន្ទីរពាក់ព័ន្ធនិងកម្លាំងមានសមត្ថកិច្ចទាំងប៉ូលីស និងកងរាជអាវុធហត្ថ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកទទួលការជួសជុល តុបតែង កែលម្អសោភណភាព ជាមួយនិងការគិតគូរពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានផងដែរ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង១៦និង០០នាទីរសៀល និងត្រៀមពិធី ទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ខណៈអ្នកដែលត្រូវទទួលបានគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក មានចំនួន៣ព្រះអង្គ/នាក់ ក្នុងនោះមាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ។


បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយមានការពង្រឹងសន្តិសុខ សុវត្ថិភាព អោយបានខ្លាំងក្លាផងដែរ មិនថានៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងនៅតាមមូលដ្ឋានខណ្ឌទាំង១៤នោះទេ ព្រោះថា នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ពួកគាត់ភាគច្រើន ត្រូវចាក់សោរផ្ទះចោល ដើម្បីទៅដើរលេងកំសាន្តឬទៅលេងស្រុកកំណើត ដូច្នេះ ក្នុងនាមអាជ្ញាធរនិងកងកម្លាំងជាអ្នកមើលការខុសត្រូវផ្ទះសំបែងរបស់ពួកគាត់ កុំឲ្យមានអំពើចោរកម្មកើតឡើង៕ អរគុណសន្តិភាព






