យ៉ាងហោចណាស់សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ចេញផ្សាយ ថ្ងៃទី 23 ខែ មីនា ឆ្នាំ 2023 ភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន ៣១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ។ យោងតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះដោយឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៣១នាក់នោះ មាន ១៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១១ករណី និងជនសង្ស័យ ១៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១០ករណី។ ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ អរគុណសន្តិភាព ចែករំលែក