ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចំនួនពីរ


ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ០៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចំនួនពីរ ដោយស្ពានទីមួយ មានប្រវែង ២០ម៉ែត្រ គុណនឹង ២៨,៥០ម៉ែត្រ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម និងស្ពានទីពីរ មានប្រវែង ១៦០ម៉ែត្រ គុណនឹង ២៨,៥០ម៉ែត្រ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ពានបេតុងតុង២ កន្លែងស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ នាភូមិសាស្ត្រខណ្ឌមានជ័យត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួលចរាចរណ៍និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែស្រស់ស្អាតសមជាទីក្រុងស៊ីវីល័យ ។

ពិធីបើកការដ្ឋានបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង នៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងភូមិទួលរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្រោយឆ្នាំ១៩៧៩ តំបន់បឹងទំពន់-ជើងឯក គឺជាតំបន់វាលទំនាប និង​​លិចទឹក នៅរដូវវស្សា ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ត្រូវបានប្រើប្រាស់ ជាអាងស្តុកទឹកសំអុយ និងជាស្រែប្រាំង ដាំបន្លែបង្ការបន្តិចបន្តួច សម្រាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នេះតែប៉ុណ្ណោះ។ នៅឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានសម្រេចកែលម្អ តំបន់នេះ ជាទីក្រុងរណបថ្មី សំដៅបង្កើននូវសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច ឱ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។ ផ្អែកតាមប្លង់មេនៃគម្រោង តំបន់នេះ ត្រូវស្ថាបនា​មហាវិថីចំនួន ៣ខ្សែ រួមមាន (ខ្សែទី១) មហាវិថីសម្តេច តេជោ ហ៊ុន សែន (ខ្សែទី២) មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង និង (ខ្សែទី៣) មហាវិថីកាត់ទទឹងទី២ ព្រមទាំងត្រូវស្ថាបនាផ្លូវមេចំនួន ៦១ខ្សែ និងបំពាក់ភ្ជាប់នូវបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ខ្សែកាបអុបទិច ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកសំអុយ រក្សាទុកអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកកខ្វក់ លើកកម្ពស់ដីរូបសាស្ត្រកំណត់តំបន់បៃតង រៀបចំប្រព័ន្ធចរាចរណ៍ដឹកជញ្ជូន និងសំណង់ សិល្បការជាច្រើនទៀត។
ឯកឧត្តម ឃួង ស្រេង បានបន្តថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ត្រូវបានផុសចេញជារូបរាងឡើងជាបណ្តើរៗ មានទាំងគម្រោងអាគារពាណិជ្ជកម្ម-ខុនដូប្រណីត, អាគារតាំងបង្ហាញរថយន្តប្រណិត, សាលា អន្តរជាតិ ISPP, បុរី Town, បុរី ជីបម៉ុង, បុរី ប៉េងហួត, គម្រោងផ្សារ ទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល, ផ្សារទំនើប PH Diamond Place និង គម្រោងផ្សារទំនើបអីអនទី៣ ព្រមទាំងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ការបើកការដ្ឋានស្ថាបនាស្ពានបេតុង ២កន្លែង នៅលើ មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្ប​រិស​ភោគាធិបតី ហ៊ុន នាង គឺជាផ្នែកមួយនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ដែលជាការចូលរួមចំណែករបស់វិស័យឯកជន ស្របតាម គោលការណ៍របស់រាជរដ្ឋាភិបាល ។ ក្រោយពេលស្ពានទាំងពីរនេះ ត្រូវបានស្ថាបនារួចរាល់ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើននោះគឺ ការតភ្ជាប់តួមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ទាំងមូល ដែលជាផ្លូវយុទ្ធសាស្ត តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ៣៧១ សម្រាប់សម្រួលដល់ការធ្វើដំណើរចំពោះប្រជាពលរដ្ឋក្នងតំបន់នេះនិងជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍទីក្រុង ដើម្បីជួយសម្រាលការកកស្ទះចរាចរណ៍លើមហាវិថីសម្ដេចតេជោ ហ៊ុន សែន, វិថីកងយោធពល ខេមរភូមិន្ទ និងកំណាត់ផ្លូវលេខ៣៧១ ដែលនឹងធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានលក្ខណៈសម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយថ្លៃដើម នៃការចំណាយលើការដឹកជញ្ជូនផលិតផល និងសេវាកម្មនានា កាន់តែប្រសើរឡើង។

ឯកឧត្តម ឃួង ស្រេង បន្តថា ពិធីបើកការដ្ឋាននេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីមនុញ្ញផលនៃ “សន្តិភាព និងការអភិវឌ្ឍជាតិ មាតុភូមិ ក្រោមនយោបាយ ឈ្នះ-ឈ្នះ” របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយនិងវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ រួមគ្នាដោះស្រាយផលប៉ះពាល់ និងខិតខំអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ប្រកបដោយគុណភាព និងសោភ័ណភាពល្អស្អាត។

លោក លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងដែរថា៖ ស្ថានបេតុងតុងស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាងនេះ មាន ២កន្លែង ក្នុងនោះស្ពានទី១ មានប្រវែង២០ម៉ែត្រគុណនឹង ២៨,៥​ម៉ែត្រ និងស្ពានទី២ មានប្រវែង ១៦០ម៉ែត្រគុណនឹង ២៨,៥ម៉ែត្រ ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន ២៤ខែ និងចំណាយថវិកាចំនួន ៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបំរើផលប្រយោជន៍សាធារណៈនិងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រងផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង