កិច្ចប្រជុំពិភាក្សា ស្តីពីពិធីបុណ្យកាត់ឬសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី រយៈពេល៣យប់៤ថ្ងៃ

ភ្នំពេញ៖ ដើម្បីឲ្យពិធីបុណ្យកាត់ឬសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី រយៈពេល៣យប់៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះប្រព្រឹត្តទៅដោយរលូន ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ រោងពិធី ក្រុមសិល្បៈ រួមទាំងម្ហូបអាហារ ឬចង្ហាន់ប្រគេនព្រះសង្ឃផងនោះ អាជ្ញាធររាជធានីភ្នំពេញ និងអនុគណៈកម្មការផ្សេងៗ ព្រមទាំងកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀត ។

កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១១មេសានេះ ក្រោមវត្តមានឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង ជានាយករងខុទ្ទកាល័យ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។


សូមជម្រាបផងដែរថា ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ណង់ខ្ពស់ក្នុងពិធីកាត់ឬសសីមា ។


កិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងលំអិតទៅលើការងារសំខាន់ៗមួយចំនួន មានទាំងការរៀបចំរោងទិសទាំង៩ ការសម្រេចយកចុងភៅរួម ការរៀបចំកន្លែងផ្ញើរយានយន្តដោយមិនយកប្រាក់ ក្រុមសិល្បៈក្នុងពិធីត្រូវបានសម្រេចរៀបចំឡើងដោយខាងទូរទស្សន៍បាយ័នដែលមានទាំងល្ខោនបាសាក់ ចាប៉ីដងវែង អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីជាដើម។ ចំណែកខាងទូរទស្សន៍ជាតិនឹងត្រូវឡាយផ្ទាល់ក្នុងពិធីនេះផងដែរ។ បន្ថែមពីនេះ កិច្ចប្រជុំក៏បានសម្រេចអោយរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងលំអិតពីពិធីបុណ្យនេះផងដែរ ដើម្បីអោយប្រព័ន្ធផ្សព្វផ្សាយនានាយកទៅផ្សព្វផ្សាយអោយសាធារណៈជនបានដឹងនិងបានមកចូលរួមក្នុងពិធីបុណ្យនេះអោយបានអធឹកអធម។


គួររំលេចថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ៕ អរគុណសន្តិភាព










