កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ កម្លាំងផ្ទុះដល់ទៅជាង ២០០គីឡូតោន

កូរ៉េខាងជើងបានចំណាយជិត ១ ភាគ៤ នៃផលិតផលនៅក្នុងស្រុកសរុប ឬ GDP របស់ខ្លួនលើវិស័យយោធា ៖
* តើកូរ៉េខាងជើង មានសមត្ថភាពយោធាអ្វីខ្លះ?​

ទំហំ និងអំណាចនៃឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង មិនទាន់មានសេចក្ដីរាយការណ៍លម្អិតអ្វីនោះទេ។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថាទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ ចំនួន ៦លើក និងបានអភិវឌ្ឍមីស៊ីលបាលិស្ទីគមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ របបដឹកនាំលោក គីម ជុងអ៊ុន ក៏មានចំណេះដឹងពីរបៀបចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផ្លុយតូញ៉ូម ដែលសុទ្ធសឹងតែជាធាតុចម្បងៗសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ។ កាលពីឆ្នាំ២០១៧ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃថា កូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ាញ៉ូម និងផ្លុយតូញ៉ូម ព្រមទាំងសមាសធាតុស្នូលសំខាន់ៗគ្រប់គ្រាន់ ដើម្បីផលិត អាវុធនុយក្លេអ៊ែរ ៦០គ្រាប់ ហើយជារៀងរាល់ឆ្នាំ ទីក្រុងព្យុងយ៉ាងបានផលិតសម្ភារៈ​នុយក្លេអ៊ែរ ដើម្បីអាចផលិតបានអាវុធនុយក្លេអ៊ែរ ២០គ្រាប់បន្ថែមទៀត។
បើគិតតាមអត្រានេះ កាលពីឆ្នាំ២០២២ កូរ៉េខាងជើងអាចមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែក​នុយ​ក្លេ​អ៊ែរ ១០០គ្រាប់។ លើសពីនេះទៅទៀត របាយការណ៍សិក្សាមួយកាលពីឆ្នាំ២០២១ របស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវ RAND Corporation ក៏បានព្យាករដែរថា កូរ៉េខាងជើងអាចនឹងផលិតបានអាវុធនុយក្លេអ៊ែរ ជាង ២០០គ្រាប់ នៅត្រឹមឆ្នាំ២០២៧។ កូរ៉េខាងជើង ធ្លាប់បានដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៦លើកមកហើយ ដោយលើកដំបូងធ្វើឡើងក្នុងខែតុលា ឆ្នាំ២០០៦ និងលើកទី២ ក្នុងខែឧសភា ឆ្នាំ២០០៩ នៅក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ីល ដែលជាឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន។
នៅក្រោយលោក គីម ជុងអ៊ុន ឡើងកាន់អំណាចកាលពីឆ្នាំ២០១១មក កូរ៉េខាងជើងបានបង្កើនការធ្វើតេស្ដអាវុធនុយក្លេអ៊ែរគួរឱ្យកត់សម្គាល់។ លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់លោក ធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៤លើក ពោលគឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៣ នៅខែមករា និងកញ្ញា ឆ្នាំ២០១៦ និងនៅខែកញ្ញា ឆ្នាំ២០១៧។ ទិន្នន័យបានមកពីវិទ្យាស្ថាន Nuclear Threat Initiative មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា ការធ្វើតេស្ដក្នុងឆ្នាំ២០០៦ ក្បាលគ្រាប់នុយក្លេអ៊ែរមានកម្លាំងផ្ទុះ ២គីឡូតោន រីឯនៅឆ្នាំ២០០៩ ក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានធ្វើតេស្ដមានកម្លាំងផ្ទុះ ៨គីឡូតោន។ ការបំផ្ទុះក្នុងឆ្នាំ២០១៣ និងនៅខែមករា ឆ្នាំ២០១៦ មានកម្លាំងផ្ទុះជិត ១៧គីឡូតោន និងការធ្វើតេស្ដកាលពីខែកញ្ញា ឆ្នាំ២០១៦ មានកម្លាំងផ្ទុះ៣៥គីឡូតោន ធៀបទៅនឹងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុងហ៉ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ១៩៤៥ មានកម្លាំងផ្ទុះ ១៦គីឡូតោន។ ចំណែកឯការធ្វើតេស្ដក្បាលគ្រាប់នុយក្លេអ៊ែ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានក្រុមអ្នកជំនាញអះអាងថាមានកម្លាំងផ្ទុះដល់ទៅជាង ២០០គីឡូតោន ហើយដែលកម្លាំងផ្ទុះបែបនេះអាចសន្មត់បានថា កូរ៉េខាងជើង ផលិតបាន គ្រាប់បែកអ៊ីដ្រូនសែនដោយជោគជ័យ។
* តើមីស៊ីលអ្វីខ្លះដែលកូរ៉េខាងជើងមាន?
កូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលបាលិស្ទីគរាប់រយគ្រាប់ ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងនោះរួមមានទាំងរយៈចម្ងាយខ្លី មធ្យម រយៈចម្ងាយឆ្ងាយ និងមីស៊ីលបាញ់ឆ្លងទ្វីប (ICBM) ព្រមទាំងមីស៊ីលបាញ់ចេញពីនាវាមុជទឹក។ របបដឹកនាំលោក គីម ជុងអ៊ុន បានធ្វើតេស្ដបាញ់ដោយជោគជ័យនូវមីស៊ីលបាលិស្ទីគ អន្តរទ្វីប (ICBM) មានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីខែកក្កដា និងខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។ ទីក្រុងព្យុងយ៉ាង បានអះអាងថាការធ្វើតេស្ដកាលពី​ខែ​វិច្ឆិកា ឆ្នាំដដែលនោះ គឺជាការធ្វើតេស្ដបាញ់មីស៊ីល ICBM ឈ្មោះ ​Hwasong-15 ដែលអាចហោះបានរយៈកម្ពស់ ៤,៤៧៥គីឡូម៉ែត្រ និងចម្ងាយ ១,០០០គីឡូម៉ែត្រ មុននឹងធ្លាក់ចំគោលដៅដែលបានកំណត់ក្នុងតំបន់សមុទ្រជប៉ុន។ ក្រុមអ្នកវិភាគជឿថាមីស៊ីល Hwasong-15 អាចបាញ់បានចម្ងាយអតិបរមា ១៣,០០០គីឡូម៉ែត្រ ហើយដែលចម្ងាយនេះអាចបាញ់ដល់សហរដ្ឋអាមេរិក។ ក្រៅពីនេះ កូរ៉េខាងជើង មានមីស៊ីល ICBM Hwasong-17 ជាមីស៊ីលធំជាងគេបំផុតរបស់កូរ៉េខាងជើង អាចបាញ់បាន ចម្ងាយ​លើស ១៥,០០០គីឡូម៉ែត្រ ព្រមទាំងមានមីស៊ីលមួយចំនួនទៀត ដូចជា Nodong (បាញ់បានចម្ងាយ១,៥០០គីឡូម៉ែត្រ), Pukgukson-3 ( ១,៩០០ គីឡូម៉ែត្រ), Pukgukson-5 (៣,០០០គីឡូម៉ែត្រ), Musudan (៤,០០០គីឡូម៉ែត្រ), Hwasong-12 (៤,៥០០គីឡូម៉ែត្រ) និង Hwasong-14 (១០,៤០០គីឡូម៉ែត្រ)។
មិនតែប៉ុណ្ណោះ កាលពីដើមខែមេសា ឆ្នាំ២០២៣នេះ កូរ៉េខាងជើង ក៏បានធ្វើតេស្ដផងដែរនូវដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹកមានឈ្មោះថា ហេ-២ (Haeil-2)។ ពាក្យថា ហេ (Haeil) នៅក្នុងភាសាកូរ៉េមានន័យថា ស៊ូណាមិ។ អាវុធប្រភេទនេះត្រូវបានកូរ៉េខាងជើងបានធ្វើតេស្ដម្ដងដែរកាលពីថ្ងៃទី២៣ ខែមីនា ហើយកូរ៉េខាងជើង ក៏បានអះអាងថា ដ្រូនវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹកនេះមានសត្ថភាពអាចបង្កើតរលកយក្សស៊ូណាមិមានផ្ទុកសារធាតុវិទ្យុសកម្មដ៏សម្បើម ដែលអាចវាយប្រហារលើ កងទ័ពជើងទឹក និងកំពង់ផែសំខាន់ៗរបស់សត្រូវ។
* តើមានប្រទេសដទៃជួយដល់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែរទេ?
ភាគច្រើននៃកម្មវិធីអាវុធរបស់កូរ៉េខាងជើង គឺពឹងផ្អែកលើខ្លួនឯង។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាងក៏ទទួលបានជំនួយពីប្រទេសមួយចំនួនដែរ។ តួយ៉ាង រុស្ស៉ីបានផ្ដល់ជំនួយដល់កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៥០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ ដោយជួយសាងសង់រ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរ ផ្ដល់ការរចនាមីស៊ីល របៀបគ្រប់គ្រងសីតុណ្ហភាពរ៉េអាក់ទ័រនុយក្លេអ៊ែរ និងឥន្ធនៈនុយក្លេអ៊ែរមួយចំនួនទៀត។ ក្នុងឆ្នាំ១៩៧០ ចិន និងកូរ៉េខាងជើងបានធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យយោធា ក្នុងនោះរួមមានទាំងការអភិវឌ្ឍ និងការផលិតមីស៊ីលបាលិស្ទីគ ខណៈប៉ាគីស្ថាន ក៏បានចូលរួមចំណែកដែរក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កូរ៉េខាងជើងទទួលបានការជួយខាងបច្ចេកវិទ្យា និងការរចនាក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ពីអ្នកវិទ្យាសាស្ត្រប៉ាគីស្ថានឈ្មោះ អាប់ឌុល ខឌៀត ខាន់ (Abdul Qadeer Khan)។ ក្រៅពីនេះ ភាគីទី៣ ភាគច្រើននៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក ក៏បានជួយសម្រួលដល់កម្មវិធីអាវុធកូរ៉េខាងជើងផងដែរ តាមរយៈការដឹកជញ្ជូនដោយខុសច្បាប់ សមាសធាតុលោហៈចាំបាច់សម្រាប់បច្ចេកទេសទំនើប​ក្រឡុក​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ​ ឬភាសា​អង់គ្លេស​ហៅ​ថា «​សិនទ្រីហ្វុយ»​ (centrifuge)។
គួរបញ្ជាក់ថា ក្រៅតែពីមានអាវុធនុយក្លេអ៊ែរ យោធាកូរ៉េខាងជើង ជាយោធាធំលំដាប់ទី៤ នៅលើពិភពលោក ដោយមានកងទ័ពសកម្មប្រហែលជិត ១.៣លាននាក់ ឬស្មើនឹង៥ភាគរយនៃប្រជាជនសរុបរបស់ខ្លួន ហើយច្រើនជាង ៦០០,០០០នាក់ជាទាហានបម្រុង។ បើតាមក្រសួងការបរទេសអាមេរិកថា របបដឹកនាំរបស់លោក គីម ជុងអ៊ុន បានចំណាយកញ្ចប់ថវិកាប្រចាំឆ្នាំជាមធ្យម ៤ពាន់លានដុល្លារ លើវិស័យយោធារបស់ខ្លួនពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ដែលនេះស្មើនឹងជិត ១ ភាគ៤ នៃផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងជើង កូរ៉េខាងជើងក៏ត្រូវបានគេជឿជាក់ដែរថា បានកាន់កាប់អាវុធគីមី ក្នុងនោះរួមមាន ស៊ុលហ្វួរ មូស្ដាដ (sulfur mustard), ក្លរីន (chlorine), ហ្វូសហ្សែន (phosgene), សារីន (sarin) និង វី អិច (VX) គួបផ្សំជាមួយសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិត៕ by FN

អត្ថបទដែលជាប់ទាក់ទង