ការលើកទំនប់សណ្តស្ទឹង ដើម្បីការពារទឹកជំនន់ព្រែកត្នោត រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារសម្រេចបានជិត៥០ភាគរយ គ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខនេះ

ភ្នំពេញ៖ ការលើកទំនប់សណ្តស្ទឹង ដើម្បីការពារទឹកជំនន់ព្រែកត្នោត រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារសម្រេចបានជិត៥០ភាគរយ គ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខនេះ។

ដើម្បីអោយការងារនេះ សម្រេចទៅតាមផែនការនិងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាព្រឹកថ្ងៃទី១៣ ខែមេសានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់ពិធីបង្សុកូលរាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខ័ន្ធបុព្វបុរស និងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ៨ខែនិង២០ថ្ងៃ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯកសង្កាត់ជើងឯក ខណ្ឌដង្កោរួចមក ឯកឧត្តមបានដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះ ពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់សណ្តស្ទឹង នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះសម្រេចបានប្រមាណជិត ៥០ភាគរយហើយនោះ។


លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមេសានេះថា ការដ្ឋានស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ មានទទឹង៦ម៉ែត្រ បណ្តោយប្រវែង ៦៥៤៦ម៉ែត្រ ទំនប់នេះ ក្រៅពីការពារទឹកជំនន់ព្រែកត្នោតហើយ ទំនប់នេះក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ ។ ទំនប់នេះ បានបើកការដ្ឋាន កាលពីដើមខែមីនាឆ្នាំ២០២៣នេះ ដោយគ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខ ។ការដ្ឋាននេះសម្រេចលើ ការចាក់ដីលើកជាទំនប់បានប្រមាណ ៣០០០ម៉ែត្រ ស្មើនឹង៤៥%។


ឯកឧត្តម ឃួង ស្រេង បានប្រសាសន៍លើកឡើងថា៖ គម្រោងលើកជាទំនប់ សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ យើងបានលើកខ្ពស់ជាងមុន ហើយក៏មានទំហំធំជាងមុនផងដែរ ទំនប់នេះមិនត្រឹមតែជាទំនប់ការពារទឹកជំនន់ប៉ុណ្ណោះទេ វាក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ បន្ថែមពីនេះទៀត ដោយសារទំនប់យើងធំ ពេលមានទឹកជំនន់កើតឡើង យើងអាចទប់លើទំនប់នេះបានហើយ ប្រជាពលរដ្ឋក៏នៅតែអាចធ្វើដំណើរបានជាធម្មតាថែមទៀត៕ អរគុណសន្តិភាព


