ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបគម្រប់ ១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបគម្រប់ ១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក(០៧ កក្កដា ២០០៨ ដល់ ០៧ កក្កដា ២០២៣)។
នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះគឺជាខួបលើកទី១៥ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៣)។ ព្រឹត្តិការណ៍ដែលកើត ឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ សម្ដេចតេជោបានបន្តថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យ ចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់៕ (បញ្ជាក់=រូបភាពឆ្នាំចាស់-២០២២)





