ថ្ងៃទី៨នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតឯកឧត្តម សួស យ៉ារ៉ា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំជឿតាមការឃោសនាបំភ្លៃខុសពីការពិតទ្បើយ
នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទី៨ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារចុះមូលដ្ឋានស្រុកកុំពង់ស្វាយ ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយឃុំ លោក លោកស្រីជាអនុប្រធានគណបក្សស្រុក លោកប្រធានគណៈកម្មាធិការគណបក្សឃុំ និងសហការី
បានអញ្ជើញចុះជួបសំណេះសំណាល និងឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋចំនួនជាង៣០០នាក់ មកពី៥ភូមិ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានរំឭកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ធ្វើឱ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។
ដូចនេះ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថិរគង់វង្សជានិច្ច។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានបង្រៀនឲ្យគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ កុំជឿលើជនអគតិមួយចំនួនដែលឲ្យគូសសន្លឹកឆ្នោតចោល និងសូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តម សួស យ៉ារ៉ា និងសមាជិក សមាជិកាគណបក្សក្នុងឃុំកំពង់គោ បានសម្តែងនូវអំណរគុណសន្តិភាព នយោបាយឈ្នះឈ្នះ និងសូមដឹងគុណ ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ ពេញលេញ និងបានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
ក្នុងឱកាសនោះដែរ ឯកឧត្តម សួស យ៉ារ៉ា បានឧបត្ថម្ភ មួក អាវ គណបក្សជូនដល់ភូមិចំនួន៥ ដោយក្នុង១ភូមិទទួលបានមួក៥០ អាវ៥០
និងឃុំកំពង់គោ មួក២០០ និងអាវ២០០ និងបានរៀបចំពិសារនំបញ្ចុកសាមគ្គីផងដែរ ៕