Detail Top Banner

ប្រយ័ត្នផង! មន្ត្រីធនាគារហត្ថាដែលលួចដកប្រាក់អតិថិជនជាង៦០មុឺនដុល្លារ

ភ្នំពេញ៖ អតីតមន្ត្រីធនាគារហត្ថា.ម.ក ម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកកាត់ទោសកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងអំពើល្មើសលួចចូលទៅក្មុងប្រព័ន្ធទិន្ន័យអាខោនធនាគាររបស់អតិថិជនលួចដកប្រាក់អស់ជាង៦០មុឺនដុល្លារ ។
ជនជាប់ចោទដែលតុលាការកាត់ទោសនេះឈ្មោះ ស្រ៊ន់ សាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួន ផ្ទះសង់ថ្មី ផ្លូវBT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ មានមុខរបរជាប្រធានផ្នែកត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការធនាគារហត្ថា ម.ក សាខាភ្នំពេញ ។
លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមជំនុំជំរះបានលើកឡើងថា លោក ស្រ៊ន់ សាវុធ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្តពិសេស និងបទ លួចចូលទៅក្នុងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្ថ ទិន្ន័យ និងសម្អាតប្រាក់ ប្រព្រឹត្តកាលពី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ប្រឈមមុខការចោទប្រកាន់របស់តុលាការបែបនេះ ជនជាប់ចោទបានសារភាពថា ខ្លួនបានចូលបំរើការនៅធនាគារហត្ថា.ម.ក តាំងពីឆ្នាំ២០១១ នៅការិយាល័យកណ្ដាល ដោយមានតួនាទីជាប្រធានផ្នែកត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការទូទៅរបស់អតិថិន។ ក្រោយមកដោយសារខ្លួនញៀនលេងល្បែងសុីសងតាមអនឡាញអស់ប្រាក់របស់ខ្លួនផ្ទាល់ក៏បែកគំនិត្យលួចចូលទៅក្នុងប្រព័ន្ធទិន្ន័យរបស់អតិថិជនមួយចំនួនលួចដកប្រាក់ និងបង្វែរប្រាក់ចេញពីអាខោនអិតិជនអោយចូលមកក្នុងអាខោន ABA របស់ខ្លួនអស់ប្រាក់ប្រមាណជា ៦៥៥ ៤៧៥ ដុល្លារ ដោយមិនអោយថ្នាក់ដឹកនាំធនាគារដឹងឡើយ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ទើបថ្នាក់ដឹកនាំដឹងក៏ប្ដឹងសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនតែម្ដង។
ក្នុងរឿងក្ដីនេះ ដោយសារជនជាប់ចោទបានសារភាពយ៉ាងក្បោះក្បាយពីទង្វើរបស់ខ្លួនដូច្នេះ តំណាងអយ្យការបានសម្រេច​តម្កល់ទុកបទចោទប្រកាន់អោយនៅដដែល ហើយសំណូមពរអោយចៅក្រមតុលាការផ្ដន្ទាទោសតាមច្បាប់។ ចៅក្រមជំនុំជំរះបានកំណត់យកថ្ងៃទី០២/០៨/២០២៣ ខាងមុខដើម្បីប្រកាសសាលក្រម៕ អត្ថបទ៖ មករា(by Kompuchea Thmey)

អត្ថបទដែលជាប់ទាក់ទង