មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត
ខេត្តកំពង់ស្ពឺ៖ យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សូមគោរពជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត មេត្តាជ្រាបថា៖ ដោយយោងស្ថានភាពទឹកភ្លៀងរយៈពេល ៣ថ្ងៃជាប់គ្នា (ថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០២៣) ក្នុងកម្រិត 368មីលីម៉ែត្រ(តម្រងអូរកូនត្រុំ) នៃស្រុកភ្នំស្រួច បានបណ្តាលឲ្យស្ថានភាពទឹកក្នុងស្ទឹងព្រែកត្នោត មានកម្ពស់ ៧,៥២ម៉ែត្រ ខណៈនេះតម្រូវឲ្យបើកទ្វារទឹករលាំងជ្រៃចំនួន ៥ទ្វារ (ទ្វារចំនួន ២កម្ពស់ ០.៥០ម៉ែត្រ ទ្វារចំនួន ២ទៀត កម្ពស់ ១.៥០ម៉ែត្រ និងទ្វារចំនួន ១កម្ពស់ ២.០០ម៉ែត្រ ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងសូមចូលរួមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ មន្ទីរ នឹងជម្រាបជូនបន្ថែមសម្រាប់ស្ថានភាពបន្តបន្ទាប់ទៀត៕