ការកំណត់គោលដៅជាតិស្ករ លើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់!

មនុស្សចាស់បើទោះជាមានវ័យស្របាលគ្នា តែស្ថានភាពសុខភាពមិនសុទ្ធតែដូចគ្នានោះទេ។ ការកំណត់គោលដៅកំរិតជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចំណាស់ក៏ត្រូវ ពិចារណាទៅលើកត្តាមួយចំនួន រួមមានស្ថានភាពជាទូទៅរបស់អ្នកជំងឺ, កម្រិតនៃការចងចាំ, ជីវភាពប្រចាំថ្ងៃ, ស្ថានភាពសេដ្ឋកិច្ច ។ល។ ហេតុដូចនេះហើយគ្រូពេទ្យតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល អ្នកជំងឺដែលមានវ័យចំណាស់។
១- អ្នកជំងឺខ្លះនៅមាំទាំអាចចូលរួមកិច្ចការក្នុងសង្គមនានាបាន នៅអាចធ្វើដំណើរទីជិតទីឆ្ងាយជាដើម (personne âgée dite “Vigoureuse”) ។ គោលដៅនៃការព្យាបាល គ្រូពេទ្យកំណត់កំរិតជាតិស្ករ បានប្រហាក់ប្រហែលនឹងអ្នកជំងឺទឹកនោមផ្អែមទូទៅ ពោលគឺ មធ្យមភាគជាតិស្ករ HbA1c នៅចន្លោះពី ៦,៥% ទៅ ៧,៥% ។ អាចកំណត់ម៉្យាងទៀតបានថា ជាតិស្ករពេលព្រឹកមុនពិសារអាហារ ≤១២៦មីលីក្រាម/១ដេស៊ីលីត្រ ។
២- អ្នកជំងឺខ្លះទៀតក៏មានជំងឺប្រចាំកាយ តែនៅអាចចាត់ចែងកិច្ចការប្រចាំថ្ងៃដោយខ្លួនឯងបាន(Personne âgée dite “Fragile”)។ អ្នកជំងឺវ័យចំណាស់ដែលមានបញ្ហាសុខភាពប្រចាំកាយ ហើយងាយធ្លាក់ខ្លួនឈឺ ការកំណត់គោលដៅមធ្យមភាគជាតិស្ករមិនតឹងរឹងពេកនោះទេ ព្រោះអ្នកជំងឺក្នុងក្រុមនេះងាយប្រឈមនឹងការខ្វះសារជាតិចិញ្ចឹមរាងកាយ (Dénutrition) ការចុះជាតិស្ករខ្លាំង (Hypoglycemia) ការចុះសម្ពាធឈាមភ្លាមៗពេលក្រោកឈរ (Hypotension Orthostatique)។ មធ្យមភាគជាតិស្ករ HbA1c ចន្លោះ ៧,៥% ទៅ ៨% ឬកំណត់ម៉្យាងទៀត ជាតិស្ករមុនអាហារពេលព្រឹក នៅចន្លោះ ១២៦មីលីក្រាម/១ដេស៊ីលីត្រ  ទៅ ១៦០មីលីក្រាម/១ដេស៊ីលីត្រ ។
៣- តែផ្ទុយទៅវិញអ្នកជំងឺមួយចំនួនដែលមានស្ថានភាពជរា តែងតែត្រូវការអ្នកបីបាច់ថែរក្សាជាប្រចាំ (Personne âgée dite “Malade”)។ ករណីអ្នកជំងឺជរា ត្រូវការអ្នកថែទាំវិញ គោលដៅនៃមធ្យមភាគជាតិស្ករគឺ ៧,៥% ទៅ ៨,៥% ៕
អត្ថបទដែលជាប់ទាក់ទង