ភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃទី១សីហា បណ្ដាលឱ្យមានជំនន់ទឹកភ្ញៀងនៅចន្លោះស្រុកអូររាំង ទៅស្រុកកែវសីមា ធ្វើឲ្យដាច់ផ្លូវនៅចំណុចអូរងើយ និងខូចខាតធ្ងន់ធ្ងរ
អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី លោក ម៉ឺន សុវណ្ណនី បានឱ្យដឹងថា ផ្លូវដែលដាច់នៅចំណុចអូរងើយ បានខូចខាតធ្ងន់ធ្ងរ ទំនងប្រើពេលជាងមួយឆ្នាំ ទើបអាចជួលជុលឡើងវិញ។ លោកថា ក្រុមការងារអាចនឹងធ្វើផ្លូវវាងនៅក្បែរនោះ ដើម្បីឱ្យពលរដ្ឋឆ្លងកាត់បណ្ដោះអាសន្ន។ ភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃទី១សីហា បណ្ដាលឱ្យមានជំនន់ទឹកភ្ញៀងនៅចន្លោះស្រុកអូររាំង ទៅស្រុកកែវសីមា ។ ហេតុនេះ ទឹកបានហូរច្រោះឱ្យស្រុតផ្លូវ រហូតដល់ដាច់ ខូចខាតទាំងស្រុកនៅចំណុច គីឡូម៉ែត្រលេខ៩១ ដល់៩៩ នៃផ្លូវជាតិលេខ។ នេះបើតាម លោក ម៉ឺន សុវណ្ណនី អនុប្រធានមន្ទីរសាធារណការ ។លោកបញ្ជាក់ថា ប្រវែងផ្លូវដែលបានស្រុតនោះ មានប្រមាណ២០ម៉ែត្រ ហើយមានការប្រេះដី ប្រមាណ១៥០ម៉ែត្រ។ ដូចនេះ អ្នកធ្វើដំណើរត្រូវវាងផ្លូវទៅខាងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ លោក លោក ម៉ឺន សុវណ្ណនី បានឱ្យដឹងថា ក្រុមការងារក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច នឹងចុះទៅវាយតម្លៃពីការខូតខាតក្នុងថ្ងៃទី២ សីហានេះ។លោកបានប៉ាន់ស្មានបែបនេះ៖ «ផ្លូវនេះបានបាក់ខូចទាំងស្រុង គឺត្រូវការប្រើពេលយូរ អាចជាង១ឆ្នាំទើបធ្វើឡើងវិញហើយ។ តែដើម្បីដោះស្រាយការធ្វើដំណើរ យើងអាចនឹងធ្វើផ្លូវវាងនៅក្បែរនោះ»។ ជាមួយគ្នាដែរ អនុប្រធានមន្ទីររូបនេះ បានពិនិត្យឃើញពីបញ្ហាលំបាកច្រើន ក្នុងការធ្វើផ្លូវវាង និងការជួសជុលផ្លូវខាងលើនេះឡើងវិញ ដោយសារសងខាងផ្លូវមានភ្នំ និងជ្រោះ។ ជម្រើសមួយទៀត លោកថាអាចប្រើប្រាស់ផ្លូវលំចាស់ តែផ្លូវនោះរថយន្តធំៗពុំអាចឆ្លងកាត់បានឡើយ។
ទោះយ៉ាងណា អនុប្រធានមន្ទីររូបនេះ រង់ចាំការវាយតម្លៃពីខាងក្រុមក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ចបន្ថែមសិន ទើបដឹងច្បាស់ពីគម្រោងដោះស្រាយបន្ទាប់ទៀត៕ by Thmey Thmey