Marcelo ខ្សែការពារ Fluminense សម្រក់ទឹកភ្នែក និងត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត បន្ទាប់ពីរូបគេបានញ៉ាក់បាល់ហើយជ្រុលជើងទៅជាន់ជើងដោយអចេតនាលើកីឡាករ Luciano Sanchez
Marcelo ខ្សែការពារ Fluminense សម្រក់ទឹកភ្នែក និងត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត បន្ទាប់ពីរូបគេបានញ៉ាក់បាល់ហើយជ្រុលជើងទៅជាន់ជើងដោយអចេតនាលើកីឡាករ Luciano Sanchez របស់ក្រុម Argentinos Juniors រហូតបាក់ជើង។ ហេតុការណ៍កើតឡើង ក្នុងការប្រកួតរវាង Fluminense របស់ប្រេស៊ីល ទល់ក្រុមមកពីអាហ្សង់ទីន Argentinos Juniors ក្នុងពានរង្វាន់ Copa Libertadores ក្នុងទីក្រុង Buenos Aires ថ្ងៃទី១ ខែសីហា។បើតាមរយៈវីដេអូនៃការប្រកួតបានបង្ហាញថា Marcelo បានញ៉ាក់បាល់គេចផុតចេញពី Sanchez ប៉ុន្តែជើងរបស់អតីតខ្សែការពារ Real Madrid រូបនេះ បានប៉ះទង្គិចដោយជាន់ទៅលើកីឡាករ Sanchez ដែលបានព្យាយាមចូលមករារាំងនិងដណ្តើមបាល់ រហូតមានហេតុការណ៍ដ៏អាក្រក់កើតឡើង។ យ៉ាងណាការជាន់នោះត្រូវបានគេមើលឃើញថា Marcelo មិនមានចេតនាឡើយ ដោយគេត្រឹមតែញ៉ាក់បាល់ទៅតាមទម្លាប់ដែលរូបគេតែងតែបង្ហាញក្នុងការប្រកួតតែប៉ុណ្ណោះ។ក្រោយកើតហេតុ Marcelo ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។ Marcelo ដើរចេញពីទីលាន លាយឡំនឹងទឹកភ្នែក ដ្បិតរូបគេសោកស្តាយដែលធ្វើឱ្យគូប្រជែងគ្រោះថ្នាក់។ បើតាមការបង្ហោះរបស់ក្លិប Argentinos នៅលើបណ្តាញសង្គម X អតីត Twitter កីឡាករអន្តរជាតិអាហ្សង់ទីន Sanchez ដែលត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្បែកីឡដ្ឋាននោះ ត្រូវទទួលការព្យាបាលរបួសជង្គង់ឆ្វេងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការប៉ះទង្គិចគ្នានោះ។សម្រាប់ Marcelo បានបង្ហាញអារម្មណ៍សោកស្តាយខ្លាំងរបស់គេ ដោយបានបង្ហោះនៅលើបណ្តាញសង្គម Instagram ដូច្នេះថា ៖ «ថ្ងៃនេះជាថ្ងៃមួយដែលពិបាកបំផុតដែលខ្ញុំបានជួបនៅលើទីលានប្រកួត។ ខ្ញុំបានធ្វើឱ្យកីឡាករម្នាក់របួសដោយអចេតនា ខ្ញុំមានតែជួនពរគាត់ និងបន់ស្រនកម្លាំងភាពខ្លាំងនៅក្នុងផែនដីនៅរឿងរ៉ាវល្អៗក្នុងការព្យាបាលរបួសរបស់គាត់។ ក្លិប Fluminense របស់ Marcelo ក៏បានបង្ហោះសារលើបណ្តាញសង្គមជូនពរដល់កីឡាករ Sanchez ឱ្យឆាប់ជាសះស្បើយពីការរងរបួសផងដែរ។ ការប្រកួតជើងទីមួយនៃវគ្គ ១៦ក្រុមនៃពានរង្វាន់ Copa Libertadores រវាងក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ នៅក្នុងកីឡដ្ឋាន Diego Armando Maradona៕by Thmey Thmey