ក្រុមជម្រើសជាតិ ១៣៦នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសចិនក្រោមជំនួយឥត​សំណងរបស់​មិត្តចិន


ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣–កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ១៣៦នាក់ នឹងចេញទៅបោះជំរំហ្វឹកហាត់នៅ​ប្រទេសចិន រយៈពេល៩០ថ្ងៃ ដើម្បីបន្ដកម្មវិធីជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាង​រាជ​រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសចិន ដែលជាជំនួយឥតសំណង​របស់មិត្ត​ចិន សម្រាប់គម្រោងហ្វឹកហាត់បន្ត ក្រោយត្រៀមស៊ីហ្គេមដែលបានបញ្ចប់កាល​ពី ខែ​ឧសភា ឆ្នាំ២០២៣។
នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាស​អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការ​ជាតិ​​​អូឡាំពិកកម្ពុជា  កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសំណេះ​សំណាល ​និងផ្តាំផ្ញើដល់អត្តពលិកកម្ពុជាទាំង១៣៦នាក់ លើប្រភេទកីឡាចំនួន១១ នៅ​ស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះជាលើកទី២ហើយដែលកម្ពុជា បាន​បញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួន ទៅហ្វឹកហាត់នៅប្រទេសចិន ដោយបន្ដកម្មវិធី​ជំនួយ​ផ្នែក​អភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃ​ប្រទេស​ចិន ដែលនៅសល់អាហារូបករណ៍ប្រមាណ៩០ថ្ងៃទៀត។ ឯកឧត្ដមបញ្ជាក់ថា៖ «កម្ពុជា​មានកីឡាករ-កីឡាការិនីជម្រើសជាតិពេញវ័យផង និងថ្នាលផង ក្នុងចំនួន១៣៦នាក់នេះ ដែលត្រូវបន្តការហ្វឹកហាត់នៅចិន រហូតដល់ខែធ្នូ ឆ្នាំ២០២៣។ ការបណ្ដុះបណ្ដាលនេះដែរ យើងមានគោលដៅ ២ ទី១-សម្រាប់កីឡាករ-កីឡាការិនីពេញវ័យ គឺត្រៀមការប្រកួត​កីឡា​អាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃ​ទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ផង និងត្រៀមកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃផង។ ចំពោះប្អូនៗ ក្មួយៗ អាយុជាង ១០ឆ្នាំ គឺពួកគាត់ត្រូវ​ត្រៀម​​សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
សូមជម្រាបជូនផងដែរថា ក្នុងយុទ្ធសាស្ដ្រស៊ីហ្គេមឆ្នាំ២០២៣កន្លងមក កម្ពុជាធ្លាប់​បានបញ្ចូនអត្តពលិករបស់ខ្លួន១៦១នាក់ លើ១២ប្រភេទកីឡា ទៅហ្វឹកហាត់ជាង៧ខែ ពោលចាប់ខែកញ្ញាឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ។  រីឯការបញ្ជូនកីឡាករ កីឡា​ការិនី​​វគ្គទី២នេះដែលមានចំនួន១៣៦នាក់នេះ ដើម្បីតម្រង់ឆ្ពោះទៅចូលរួមការប្រកួតកីឡា​ស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥នៅប្រទេសថៃ ហើយមួយចំនួនទៀត ត្រៀមចូលរួមការ​ប្រកួត​កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហានចូវ ប្រទេសចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ខែតុលា ខាងមុខ។ អត្តពលិកទាំង១៣៦នាក់ នឹងចាកចេញពីមាតុភូមិនា​រសៀលថ្ងៃទី២៣ ខែសីហានេះហើយ៕ អរគុណសន្តិភាព
ដោយ៖ ហេង ណាលីន (រូបភាព៖ NOCC)

អត្ថបទដែលជាប់ទាក់ទង