រដ្ឋមន្រ្ដីក្រសួងការងារ ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រី ត្រូវចុះជួបកម្មករឱ្យញឹកញាប់ ដើម្បីដឹងពីការលំបាក និងរួមគ្នាដោះស្រាយ
ភ្នំពេញ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្ដីពាក់ព័ន្ធ ត្រូវចុះជួបជាមួយកម្មករ កម្មការិនីឱ្យបានញឹកញាប់ ដើម្បីទទួលបាននូវព័ត៌មាន និងដឹងពីការលំបាក ហើយរួមគ្នាដោះស្រាយ។ ការណែនាំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងការបង្ហាញវត្តមានជាលើកដំបូង សម្រាប់ការចូលកាន់តំណែងជារដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួបជាមួយកម្មករ និយោជិតនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីសំណេះសំណាលជាមួយកម្មករ និងណែនាំអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងអ្នកគ្រប់គ្រងតាមផ្នែកក្នុងរោងចក្រ ជាពិសេសត្រូវចុះមកជួបកម្មករឱ្យបានញឹកញាប់ ហើយបង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំង។
ឯកឧត្ដម ហេង សួរ បានគូសបញ្ជាក់ថា៖ «ថ្ងៃដំបូង បានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង។ បច្ចុប្បន្ន រោងចក្រនេះមានកម្មករ និយោជិតសរុបជាង៣ពាន់នាក់ ក្នុងនោះមានកម្មការិនីដែលកំពុងមានផ្ទៃពោះចំនួន១៦០នាក់ និងជនដែលមានពិការភាពចំនួន៤៣នាក់»។ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថា កម្មករ និយោជិតនៅក្នុងរោងចក្រនេះធ្លាប់ជួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨ ហើយនិយោជិតដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣ ផងដែរ។
ក្នុងឱកាសនោះ កម្មករ និយោជិតដែលឯកឧត្ដមរដ្ឋមន្ត្រីបានជួប បានបង្ហាញពីការនឹករលឹកដល់សម្តេចតេជោ ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចបានចុះជួបកម្មករនាពេលកន្លងទៅ។ ជាមួយគ្នានេះ កម្មករទាំងនោះ ក៏រំពឹងថានឹងបានជួបឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពេលឆាប់ៗនេះផងដែរ។
ឯកឧត្ដម ហេង សួរ ក៏បានទទួលទានអាហារជាមួយកម្មករ និយោជិតរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ ដោយឯកឧត្ដមបានលើកឡើងថា រសជាតិម្ហូបនៅរោងចក្រនេះគឺឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយបងប្អូនឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង»។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា នៅរោងចក្រខាងលើនេះមានសហជីពមូលដ្ឋានរហូតដល់ទៅជាង២០សហជីព ហើយឯកឧត្ដមក៏បានជំរុញឱ្យមានទំនាក់ទំនងរវាងសហជីពមូលដ្ឋាន និងអ្នកគ្រប់គ្រងគឺអាចចរចា និងដោះស្រាយការងារជាមួយគ្នាបាន៕ by AKP