ជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ជាមួយនិងសម្ភារៈ បរិក្ខាពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ។
ពីធីប្រគល់-ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។
តាមលិខិតសរសើរ១ច្បាប់របស់លឯកឧត្តម ឃួង ស្រេង ជូនទៅលោក Zhao Haiyan បានអោយដឹងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋនៃសាលារាជធានីភ្នំពេញ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការផ្តល់ជំនួយ និងកិច្ចសហការគាំទ្រ លើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង សម្ភារៈ និងបរិក្ខារជូនរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ជំនួយ និងអំណោយដ៏មានតម្លៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ក្នុងរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានី នឹងរក្សា ជាមួយនឹងការចងចាំជានិច្ចចំពោះជំនួយដ៏មានអត្ថន័យ និងមានតម្លៃទាំងអស់នេះ។
ជាថ្មីម្តងទៀត ឯកឧត្តមសូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការគាំទ្រ ដ៏សប្បុរសនេះ ។ ជាការពិត ជំនួយ និងកង្វល់របស់ម្ចាស់ជំនួយនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងផ្លូវអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន និងទៅអនាគត៕ អរគុណសន្តិភាព




