Detail Top Banner

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបលើបទល្មើសទទួលផល នៃបទល្មើសសរុបទឹកប្រាក់ប្រហែល ១,៣០០,០០០ដុល្លារអាមេរិក

ភ្នំពេញ៖ កាលថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានបានបើកការស្រាវជ្រាវ បង្ក្រាបលើបទល្មើសទទួលផលនៃបទល្មើស សរុបទឹកប្រាក់ប្រហែល ១,៣០០,០០០ដុល្លារអាមេរិក នៅក្នុងនោះ សមត្ថកិច្ចយើងបានសហការបង្កកទឹកប្រាក់បានមួយចំនួនផងដែរ រូបភាពនៃការប្រព្រឹត្តបទល្មើសក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងការទទួលប្រាក់ហើយធ្វើការបំលែងដោយផ្ទេរប្រាក់ចេញទៅ​វិញ​តាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូនិច (Cryptocurrency) ។
ករណី​នេះ​បាន​ប្រព្រឹត្ត​ឡើង​ដោយឧក្រិដ្ឋជន​មួយ​ក្រុម​ មាន​បណ្តាញ​នៅក្នុង និងក្រៅប្រទេស បានធ្វើសកម្មភាព អូសទាញ​ជន​សង្ស័យ​តាមបណ្តាញទំនាក់ទំនងសង្គមឱ្យចូលជាបក្សពួកដើម្បីធ្វើសកម្មភាពដូចខាងលើ។ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យ​ ០៥នាក់ត្រូវបាន នាយកដ្ឋានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួល និងដកប្រាក់ ដែលពុំមានប្រភពច្បាស់លាស់​ដោយ​បាន ​ឬ​មិន​បាន​ទទួល​ផល​ប្រយោជន៍​ក៏ដោយ​ ព្រោះការទទួលប្រាក់ដោយគ្មានប្រភពច្បាស់លាស់នឹងអាច​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជាសហចារីនៃបទល្មើស។ ចំពោះរូបបិយប័ណ្ណអេឡិចត្រូចនិច​ (Cryptocurrency​) ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា​ពុំត្រូវបានទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​នោះ​ទេ​។ សម្រាប់គណនីធនាគារ សូមកុំឱ្យអ្នកដទៃខ្ចីគ្រប់គ្រង និងប្រើប្រាស់ ព្រោះអាចជាការចូលរួមប្រព្រឹត្តិ ឬទទួលផលនៃបទល្មើសជាយថាហេតុ ហើយទង្វើនេះសាមីខ្លួននឹងទទួលខុសត្រូវចំពោះមុខច្បាប់៕ ដោយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
អត្ថបទដែលជាប់ទាក់ទង