បង្ក្រាបទីតាំង ករណីលួចលក់ចែកចាយវ៉ាក់សាំង ម៉ាក Abhayrab ខុសច្បាប់ បន្ទាប់ពីក្រុមហ៊ុន ឌីភី ហ្វាម៉ា ប្ដឹង


ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងករណីលក់ចែកចាយវ៉ាក់សាំង ម៉ាក Abhayrab ខុសច្បាប់ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលស្របច្បាប់។

ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឱសថស្ថានពន្លឺបឹងត្របែក ស្ថិតនៅផ្ទះលេខ ២២-២៣ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រួមទាំងទីតាំងឱសថស្ថានចំនួន៤ទីតាំងទៀត ។ ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវ៉ាក់សាំងម៉ាក Abhayrab ខុសច្បាប់ចំនួន ៣៥១ប្រអប់ និងបាននាំខ្លួនម្ចាស់ទីតាំងឱសថស្ថានពន្លឺបឹងត្របែក ឈ្មោះ ឡេង គុជនីកា យកទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីបន្ត។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ឌីភី ហ្វាម៉ាខូអិលធីឌី និងបន្ទាប់ពីបើកការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្តកិច្ចអស់មួយរយៈពេលកន្លងមក បន្ទាប់ពីក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយលិខិតប្រកាសរបស់ក្រសួងសុខាភិបាល ជូនដំណឹងជាសាធារណះ អំពីផលិតផលAbhayrab ខុសច្បាប់ ទុកដាក់មិនត្រឹមត្រូវតាមស្តង់ដារ វ៉ាក់សាំង ២-៨ ដឺក្រេ និងផលិតផលស្របច្បាប់មានការបែងចែកពីក្រសួងសុខាភិបាលត្រឹមត្រូវ និងទុកពេលអស់រយះពេលជាង៣ខែ រួចមក(ក្រុមហ៊ុនឌីភីហ្វាម៉ាខូអិលធីឌី ទទួលបានសិទ្ធិចែកចាយស្របច្បាប់តែមួយគត់នៅកម្ពុជានូវប្រភទវ៉ាក់សាំង Abhayrab នេះ)។

សមត្ថកិច្ចជំនាញ ក៏ដូចក្រុមហ៊ុន សូមអំពាវនាវចំពោះឱសថស្ថាន គ្លីនិក ក៏ដូចជាទីតាំងចែកចាយ ឫផ្តល់សេវាសុខាភិបាល សុំបញ្ឈប់ការទិញ លក់ ឬប្រើប្រាស់នូវប្រភេទវ៉ាក់សាំង Abhayrab ខុសច្បាប់ ក៏ដូចជាផលិតផលឱសថ ដែលពុំមានចុះបញ្ជិកា និងរក្សាទុកពុំបានត្រឹមត្រូវតាមកំរិតស្តង់ដារ ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាប្រឈមទៅនឹងផ្លូវច្បាប់ផងដែរ ។ ក្នុងនោះ បើម្ចាស់ឱសថស្ថាន គ្លីនិក ក៏ដូចទីតាំងចែកចាយចង់លក់នូវផលិតផលវ៉ាក់សាំង Abhayrab សូមទាក់ទងក្រុមហ៊ុន ឌីភី ហ្វាម៉ា ខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខនៅកម្ពុជា ដើម្បីជៀសវាងទិញរបស់ក្លែងក្លាយ ឬរបស់ដែលមានប្រភពមិនច្បាស់លាស់នាំអោយគ្រោះថ្នាក់ និងប្រឈមមុខផ្លូវច្បាប់៕  អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង