ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ខាងមុខនេះ

ភ្នំពេញ៖ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ ការដាក់ឲ្យជាប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនិងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេច ជាអធិបតីភាព ក្នុងពិធីដាក់ឲ្យធ្វើចរាចរណ៍លើស្ពាននេះជាបណ្តោះអាសន្នដើម្បីអបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ ។
ឯកឧត្តមបន្តថា ការបើកឱ្យដំណើរការធ្វើចរាចរណ៍នៅស្ពានខាងលើនេះ វានឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ជាគម្រោងរបស់​រដ្ឋបាល​រាជធានីភ្នំពេញ យើងនឹងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀតនៅចំណុចព្រែកប្រា ឆ្លងទៅផ្លូវ៦០ម៉ែត្រឆ្ពោះទៅ តំបន់អភិវឌ្ឍន៍ជើងឯក បន្តទៅផ្លូវលេខ២១៧ ប៉ុន្តែគម្រោងនេះ យើងកំពុងតែសិក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឡើយទេ។ តែជាជំហានដែលត្រូវអនុវត្ត យើងនិងរុះរើស្ពានបាឡេនៅខណ្ឌឬស្សីកែវ មកធ្វើស្ពាន នៅចំណុចព្រែកប្រាខាងលើនេះ ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយការកកស្ទះ។
តំណាងក្រុមហ៊ុន OCIC ដែលទទួលការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរាខាងលើនេះ បានបញ្ជាក់ឲ្យដឹងថា ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចប្រមាណ៩៣%ហេីយ ដោយគ្រោងនឹងបញ្ចប់ នៅមុនព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខនេះ។
គួរបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល៣៥ខែដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់​ដោយក្រុមហ៊ុនវិនិយោគ​ទុន​អណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ចំពោះភាពចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្ន​បង្កឲ្យមានការ​កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរ​ជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះទៅកោះពេជ្ររហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តី ក៏នៅតែកកស្ទះដដែល៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង