ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ចំណុះឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧
ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ចំណុះឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្របញ្ចកោណ ៥នេះ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើ ការអភិវឌ្ឍន៍មូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថល។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ការបើកកិច្ចគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ គឺដើម្បីជម្រុញឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អោយទទួលបានជោគជ័យ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ បានគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ការជម្រុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំពោះប្រជាពលរដ្ឋក្រីក្រមិនមានលទ្ធភាពសិក្សារៀនសូត្រ ការផ្តល់ជំនួយសង្គម ដោយមិនទុកអោយប្រជាពលរដ្ឋស្លាប់ដោយអត់បាយ។ ការអនុវត្តវិធានការ ធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព ការខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសំណង់មិនមានច្បាប់ជាដើម។
ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញអោយកងកម្លាំងមានសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវសំលៀងកាំបិតអោយមុត ដើម្បីបង្ក្រាបល្បែងស៊ីសងនិងគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការតៀមកម្លាំងដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងកឋិនទាន។
បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំអោយមន្ត្រីទាំងអស់ សូមសិក្សាស្វែងយល់អោយបានច្បាស់លាស់ពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ហើយបើមិនយល់ ត្រូវពិគ្រោះឬសួរទៅថ្នាក់លើបន្ថែម ដើម្បីយកមកអនុវត្តអោយបានត្រឹមត្រូវនិងទទួលបានជោគជ័យ៕ អរគុណសន្តិភាព







