វិមានក្រឹមឡាំងអះអាងថា ពុំមានការចុះកិច្ចព្រមព្រៀងណាមួយឡើយ អំលុងទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន
(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ វិមានក្រឹមឡាំងបាននិយាយថា មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខានោះទេ អំលុងដំណើរបំពេញទស្សនកិច្ច របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ពុំមានកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាឡើយ ហើយក៏មិនមានផែនការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងណាមួយដែរ»។ ការអះអាងបែបនេះ គឺស្របពេលសហរដ្ឋអាមេរិកសង្ស័យថា ប្រទេសទាំងពីរអាចនឹងត្រៀមរៀបចំបង្កើត កិច្ចព្រមព្រៀងផ្គត់ផ្គង់សព្វាវុធជាមួយគ្នា។
លោក គីម ជុងអ៊ុន បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរបស់លោកនៅប្រទេសរុស្ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្នុងជំនួបកំពូលជាមួយប្រធានាធីបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃពុធ មេដឹកនាំទាំងពីរបានផ្តល់អំណោយជាកាំភ្លើងវែងដល់គ្នាទៅវិញទៅមក ហើយបានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ រួមមានទាំងវិស័យយោធា និងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៉ីជម្រៅ។
រីឯកាលពីថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានទទួលយកការអញ្ជើញរបស់លោក គីម ដើម្បីធ្វើទស្សនកិច្ចទៅប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនបានប្រាប់អំពីកាលបរិច្ឆេទសម្រាប់ទស្សនកិច្ចនោះទេ។ ចំណែកកាលពីថ្ងៃសុក្រ លោក គីម បានទៅទស្សនកិច្ចរោងចក្រផលិតយន្តហោះចម្បាំង ដែលស្ថិតនៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី។ ដោយឡែក ពុំមានការបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក គីម ជុងអ៊ុន នៅរុស្ស៉ី បានបិទបញ្ចប់ទៅវិញហើយឬនៅ ឬមួយក៏បន្តដល់ពេលណានោះឡើយ៕ by FN